កម្មករអូសរទេះតវ៉ាការរកស៊ីផ្ដាច់មុខរបស់ឈ្មួញនៅប៉ោយប៉ែត
ដោយ សួន សុផល មុន្នី
2011-08-27
កម្មករស៊ីឈ្នួលអូសរទេះដឹកទំនិញឲ្យគេនៅច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត ជិត៥០នាក់ បានប្រមូលផ្ដុំគ្នានៅជិតគល់ស្ពានមិត្តភាពកម្ពុជា-ថៃ ទាមទារបញ្ឈប់ការផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុនឯកជនផ្ដាច់មុខក្នុង ការដឹកទំនិញចេញចូលទឹកដីថៃ។នេះជាសម្រែកទាមទាររបស់ក្រុមកម្មករប្រមាណជិត ៥០នាក់ ដែលជាអ្នកមានមុខរបរស៊ីឈ្នួលអូសរទេះឲ្យគេ ដើម្បីទទួលបានប្រាក់កម្រៃចិញ្ចឹមជីវិត ដែលបានប្រមូលផ្ដុំគ្នាតវ៉ានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីប្រឆាំងជំទាស់ទៅក្រុមមន្ត្រីគយ ដែលបានដាក់បទបញ្ជាថ្មី ធ្វើឲ្យប៉ះពាល់ និងឈានទៅរកការបាត់បង់មុខរបរប្រចាំថ្ងៃរបស់ពួកគាត់។
កម្មករអូសរទេះឈ្មោះ សឿន អែម អាយុ៣២ឆ្នាំ បានថ្លែងថា មន្ត្រីគយខ្មែរប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រគល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនផ្ដាច់មុខ ក្នុងការដឹកទំនិញចេញចូលពីទឹកដីខ្មែរ-ថៃ ៖ «ខ្ញុំទាមទារឲ្យគយ បង់អីវ៉ាន់ដូចមុន ដឹកមកបួនដបកេស បង់ហាសិប ឬប៉ែតសិប ខ្ញុំបង់វិញ ឥឡូវគយឲ្យថៅកែធំៗ បង់ដាក់រទេះធំៗវិញ ដល់ពេលដាក់អីវ៉ាន់ធំពួកខ្ញុំជាកម្មករតូចតាចហ្នឹង អត់មានអីវ៉ាន់ដឹកទេ។ គយក្នុងមួយរទេះឲ្យថៅកែធំៗ បង់៧ម៉ឺនរៀល កុងត្រូលពីរម៉ឺន ប៉ូលិស២ម៉ឺន»។
កម្មករអូសរទេះទាំងនោះបានបន្តថា មន្ត្រីគយបានកំណត់ឲ្យក្រុមហ៊ុនដឹកទំនិញផ្ដាច់មុខ ដូច្នេះបានធ្វើប៉ះពាល់មុខរបរស៊ីឈ្នួលរបស់ពួកគាត់។ អ្នកទាំងនោះបានបន្តថា ថៅកែធំៗ គេមិនហ៊ានឲ្យកម្មករពួកគាត់ស៊ីឈ្នួលអូសដឹកទំនិញឲ្យទេ ដោយសារខ្លាចក្រុមមន្ត្រីគយចាប់អីវ៉ាន់ទាំងនោះ ហើយក្រុមកម្មករជាអ្នកស៊ីឈ្នួលអូសរទេះ ពុំមានលទ្ធភាពរកលុយបង់ឲ្យមន្ត្រីគយបាន។
ពួកគាត់បន្តថា ការណ៍ដែលមន្ត្រីគយធ្វើដូច្នេះ គឺកំពុងធ្វើឲ្យពួកគាត់ដាច់បាយ ពីព្រោះជីវិតក្រុមកម្មករទាំងនោះពឹងអាស្រ័យលើការអូសរទេះស៊ី ឈ្នួលឲ្យគេបានប្រាក់កម្រៃចិញ្ចឹមជីវិត ៖ «បើធ្វើអញ្ចឹងពេក កម្មករខ្ញុំមិនអាចរស់បានទេ អ្នកខ្លះអត់បាយ មិនបាច់ថាអត់បាយទេ យើងទៅលើកដៃសុំគេវាមិនរួច យើងសុខចិត្តអូសរទេះតិចៗ តក់ៗ យើងសុខចិត្តមកសុំគយ ឲ្យមានការបង់ដូចមុន»។
ក្រុមមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនទាន់អាចទាក់ទងសុំសេចក្ដីបញ្ជាក់ទៅនឹងការទាមទាររបស់ក្រុម កម្មករខាងលើនេះបានទេ។ ចំណែកឯលោក ង៉ោ ម៉េងជ្រួញ អភិបាលក្រុងប៉ោយប៉ែត បានចុចទូរស័ព្ទបិទ នៅពេលដែលវិទ្យុអាស៊ីសេរីព្យាយាមសុំសេចក្ដីបញ្ជាក់ទាក់ទិនករណី តវ៉ារបស់ក្រុមកម្មករនេះ។ ប៉ុន្តែប្រភពបានឲ្យដឹងថា លោកអភិបាលក្រុងរូបនេះបានសន្យាថា នឹងជួយធ្វើកិច្ចអន្តរាគមន៍ដោះស្រាយជូនក្រុមកម្មករ។
លោក ខៀវ បូរី សកម្មជនរបស់អង្គការសិទ្ធិមនុស្សអាដហុក ដែលបានចុះទៅឃ្លាំមើលការតវ៉ារបស់ក្រុមកម្មករអូសរទេះទាំងនោះ បានថ្លែងថា មន្ត្រីគយប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រគល់សិទ្ធិទៅក្រុមហ៊ុនឯកជនដឹកទំនិញមួយរបស់ឈ្មោះ ស៊ាវ ទី និងឈ្មោះ ថោង ឡេង។ ក្រុមហ៊ុននេះត្រូវបានក្រុមមន្ត្រីគយប្រគល់សិទ្ធិឲ្យមានការទទួល រ៉ាប់រងក្នុងការបង់ប្រាក់ឲ្យគយ ក្នុងការដឹកទំនិញចេញចូលពីទឹកដីកម្ពុជា-ថៃ ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លោកបន្តថា ការធ្វើដូច្នេះកំពុងធ្វើឲ្យក្រុមកម្មកររាប់សិបនាក់នៅទីនោះ បាត់បង់មុខរបរ ៖ «ហើយយើងគយ គួរថាមានការសម្រួលវិក្កយបត្រឲ្យគាត់ចុះហត្ថលេខាទៅតាមលក្ខណៈ ទំនិញហ្នឹង ឲ្យគាត់បង់លុយងាយស្រួល ហើយបើឲ្យគាត់ធ្វើអ៊ីចឹង គាត់មានលុយឯណាទៅធ្វើបង់ពន្ធ»។
ក្រុមកម្មករក្មេងចាស់ប្រុសស្រីទាំងនោះ បានពឹងផ្អែកទាំងស្រុងទៅលើមុខរបរស៊ីឈ្នួលអូសរទេះដឹកទំនិញឲ្យ គេ ចេញចូលពីទឹកដីថៃ កាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតអស់រយៈពេលជាច្រើនឆ្នាំមក ហើយ។ ទន្ទឹមគ្នានេះ ពួកគាត់បានទាមទារឲ្យក្រុមមន្ត្រីគយខ្មែរប្រចាំច្រកទ្វារ បញ្ឈប់ការផ្ដល់ការដឹកជញ្ជូនទំនិញផ្ដាច់មុខទៅឲ្យក្រុមហ៊ុនធំៗ ដើម្បីឲ្យពួកគាត់មានការធ្វើ អាចមានបានការងារបានប្រាក់កម្រៃមកចិញ្ចឹមជីវិតរស់បានដូចគេឯង ផង៕
0 comments:
Post a Comment