ពលរដ្ឋត្អូញត្អែរអំពីកុងត្រូលជជុះនៅព្រំដែនខ្មែរ-ឡាវ
ដោយ រដ្ឋា វីសាល
2011-08-27
ប្រជាពលរដ្ឋអ្នករកស៊ីដឹកជញ្ជូនតាមផ្លូវទឹកពីស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង ទៅតំបន់ព្រំដែនឡាវ តាមដងទន្លេសេកុង ឲ្យដឹងថា ក្រុមសមត្ថកិច្ចប្រមាណ ១៣ក្រុម បានដាក់ប៉ុស្តិ៍ឆែកឆេរទារប្រាក់ពីប្រជាពលរដ្ឋចំនួន ៥ម៉ឺនរៀល ក្នុងទូកដឹកជញ្ជូនតូចមួយ ដែលបើកឆ្លងកាត់កន្លែងត្រួតពិនិត្យនោះ។អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក រដ្ឋា វីសាល នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០១១ នេះ ឲ្យដឹងថា ប្រជាពលរដ្ឋដែលប្រកបរបរដឹកជញ្ជូនផលរបរពីភូមិរបស់ខ្លួន ទៅលក់ឲ្យប្រជាពលរដ្ឋឡាវ នៅតំបន់ព្រំដែនជាប់និងស្រុកសៀមប៉ាង ហើយដឹកជញ្ជូនផលិតផលប្រើប្រាស់ពីប្រទេសឡាវមកវិញ បានត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរតាមផ្លូវ ដែលត្រូវចំណាយប្រាក់ច្រើន និងខាតបង់ពេលវេលាដើម្បីចូលបង់ប្រាក់ឲ្យក្រុមសមត្ថកិច្ចទាំង នោះ។
ប្រភពពីមន្ត្រីស្រុកសៀមប៉ាងមួយរូបសុំមិនឲ្យបញ្ចេញឈ្មោះមាន ប្រសាសន៍ថា លោកបានទទួលលិខិតពីប្រជាពលរដ្ឋដើម្បីផ្ដល់ជូនប្រព័ន្ធផ្សព្វ ផ្សាយឲ្យផ្ដល់ព័ត៌មាននេះជូនថ្នាក់ដឹកនាំមានវិធានការបញ្ឈប់ ប៉ុស្តិ៍ត្រួតពិនិត្យដ៏ច្រើននោះ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតបានងាយ ស្រួល ដូចប្រសាសន៍លោកនាយករដ្ឋមន្ត្រី ដែលបានហាមមិនឲ្យមានកុងត្រូលនៅតាមផ្លូវ រំខានការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ប្រភពបន្តថា ក្រុមសមត្ថកិច្ចដែលបង្កើតប៉ុស្តិ៍ត្រួតពិនិត្យតាមដងទន្លេនោះ រួមមានអង្គភាពកងរាជអាវុធហត្ថ ប៉ូលិស ទាហាន មន្ត្រីព្រៃឈើ និងមន្ត្រីបរិស្ថាន។ រួមមាននៅចំណុចអូរឈើទាល ចំណុចទីបញ្ជាការយោធាការពារព្រំដែន វរ១០១ ចំណុចអូរតាម៉លួយ ចំណុចអូរខាំផា និងចំណុចអូរប៉ាន ៖ "ម៉ាប៉ុស្តិ៍សុទ្ធតែប្រាំ ស្ថាប័ន ម៉ាស្ថាប័នយកប្រាំម៉ឺន វាអស់ ២៥ម៉ឺនហើយ ក្នុងម៉ាទូកចុះទំរាំគ្រប់អា ១៣ប៉ុស្តិ៍នោះ វាអស់ច្រើន ប្រជាជនពិបាកនឹងការរកស៊ី។ ប៉ុស្តិ៍១០១ ប៉ុស្តិ៍ទាហានគេ ប៉ុស្តិ៍អូរឈើទាលហ្នឹង ប៉ុស្តិ៍ប៉ូលិស អាហ្នឹងដាក់យូរហើយ។ អាប៉ុស្តិ៍ក្រៅពីនោះ អាប៉ុស្តិ៍ថ្មី អាប៉ុស្តិ៍អត់ទង់ជាតិ។ ប៉ុស្តិ៍អូរតាម៉លួយ មានប្រាំស្ថាប័ន។ អាប៉ុស្តិ៍អូរខាំផាវាបួនស្ថាប័នទៀត"។
វិទ្យុអាស៊ីសេរីនៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០១១ មិនអាចទាក់ទងអភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សូផាត ដើម្បីសុំការបញ្ជាក់ពីសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋនៅស្រុក សៀមប៉ាងបានទេ។ ក៏ប៉ុន្តែទាក់ទងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវ លោកធ្លាប់បញ្ជាក់ថា អាជ្ញាធរខេត្តមិនបានអនុញ្ញាតឲ្យបង្កើតប៉ុស្តិ៍ត្រួតពិនិត្យឡើយ ក៏ប៉ុន្តែមានក្រុមបុគ្គលជាសមត្ថកិច្ចខ្លះ បានប្រើប្រាស់ពេលយប់ស្ទាក់ឃាត់រថយន្តតាមផ្លូវ ដើម្បីយកប្រាក់ ដែលជាការពិបាកក្នុងការចាត់វិធានការបង្ក្រាប៕
0 comments:
Post a Comment