Tuesday, August 30, 2011

ស្ថានការណ៍​នៅ​ព្រំដែន​ធូរស្រាល​បន្ទាប់​ពី​ថៃ​ប្ដូរ​អ្នក​ដឹកនាំ​ថ្មី

2011-08-30
បន្ទាប់​ពី​ប្រទេស​ថៃ បាន​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី​កាល​ពី​ពេល​ថ្មីៗ​នេះ ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា-​ថៃ ហាក់​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ ហើយ​ស្ថានការណ៍​សន្តិសុខ​មួយ​ចំនួន​ទៀត​ដែល​ធ្លាប់​តែ​តាន​តឹង​នៅ​តាម​ ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក៏​ហាក់​ដូចជា​​បាន​​ធូរ​ស្រាល​ឡើង​វិញ​ដែរ។
RFA Photo/Hang Savyouth
០៦-កុម្ភៈ-២០១០: ទាហាន​ខ្មែរ​នៅ​ខ្សែ​ត្រៀម​តាម​កំពែង​ខាង​មុខ​នៃ​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ
មេបញ្ជាការ​យោធា​ខ្មែរ​ដែល​ប្រចាំ​នៅ​ព្រំដែន​កម្ពុជា-​ថៃ បាន​ឱ្យ​ដឹង​ថា ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ-​ថៃ នៅ​តាម​ចំណុច​ព្រំដែន​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​ធ្លាប់​តែ​តានតឹង​យ៉ាង​ខ្លាំង​​ក្នុង​រឿង​ជម្លោះ​ព្រំដែន​កន្លង​ទៅ បាន​ធូរ​ស្រាល​យ៉ាង​ច្រើន​នៅ​ពេល​បច្ចុប្បន្ន​នេះ។
ភាព​ធូរ​ស្រាល​ចំពោះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​កងទ័ព​នេះ​ ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល​របស់​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​បាត់បង់​អំណាច​ទៅ ហើយ​គណបក្ស​​ភឿថៃ ដែល​​ឈ្នះ​ឆ្នោត​បាន​ឡើង​កាន់​អំណាច​ថ្មី។
លោក​ឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​​នៃ​កងពល​ធំ​អន្តរាគមន៍​លេខ​៣ ដែល​គ្រប់គ្រង​កងទ័ព​ខ្មែរ​ការពារ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​សីហា ថា ក្រោយ​ពី​ការ​ផ្លាស់​នាយករដ្ឋមន្ត្រី​ថៃ មក ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តាម​ព្រំដែន​ជុំវិញ​តំបន់​ប្រាសាទ​ ព្រះវិហារ ដែល​ធ្លាប់​តែ​តានតឹង​បាន​ធូរស្រាល​ច្រើន​ខុស​ពី​ពេល​មុនៗ។
មេបញ្ជាការ​យោធា​ដដែល​បាន​មាន​ប្រសាសន៍​ថា ពេល​បច្ចុប្បន្ន​នៅ​តាម​បន្ទាត់​ព្រំដែន​​ខ្លះ គឺ​ថៃ​បាន​កាត់​បន្ថយ​កងទ័ព​មួយ​ចំនួន និង​កម្ពុជា ក៏​បាន​កាត់​បន្ថយ​ដែរ ដែល​ធ្វើ​ឱ្យ​ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​យោធា​កាន់​តែ​ធូរ​ស្រាល ហើយ​កងទ័ព​ទាំង​សង​ខាង​កាន់តែ​មាន​ទំនាក់​ទំនង​ជាមួយ​​គ្នា​ឡើង​វិញ។
ដោយសារ​ស្ថានភាព​ជម្លោះ​ព្រំដែន​​បាន​ធូរស្រាល ចំនួន​អ្នក​ទេសចរណ៍​ខ្មែរ​ក៏​បាន​ឡើង​ទៅ​កម្សាន្ត​នៅ​​លើ​កំពូល​ភ្នំ​ ប្រាសាទ​ព្រះវិហារ កាន់​តែ​ច្រើន​ ឯ​អ្នក​ទេសចរណ៍​ថៃ ជា​ច្រើន ក៏​បាន​ចាប់​ផ្តើម​​ចូល​ទៅ​លេង​នៅ​ជិត​ៗ​បន្ទាយ​កងទ័ព​ថៃ ដែល​នៅ​ទល់​មុខ​ប្រាសាទ​ព្រះវិហារ​ផង​ដែរ។
លោក​ឧត្តមសេនីយ៍ ស្រី ឌឹក បន្ថែម​ថា ៖ «កន្លែង​ខ្លះ​យើង​អាច​អង្គុយ​ ជាមួយ​គ្នា​តែម្តង ដើម្បី​ឱ្យ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក កន្លែង​ខ្លះ​ក៏​មាន​ការ​បាយ​រួម​គ្នា​ទៅ ដើម្បី​​​បញ្ចៀស​សភាពការណ៍​តានតឹង។ ពី​ដើម​យើង​ភ្ជង់​អាវុធ​ដាក់​គ្នា​ដៃ​ក្នុង​កៃ ភ្នែក​រំពឹង​តម្រង់​ចុង​កាណុង​ទៅ​វិញ​ទៅ​មក​អ៊ីចឹង ដល់​បច្ចុប្បន្ន​នេះ​ធូរ​ស្រាល​បញ្ហា​អាវុធ​បន្តិច។ និយាយ​អ៊ីចឹង​មិន​មែន​មាន​ន័យ​ថា យើង​ដើរ​ចោល​ទីតាំង​ទេ យើង​នៅ​តែ​អនុវត្ត​បទបញ្ជា​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល ការពារ​បូរណភាព​ទឹក​ដី។ អ្វី​ដែល​មាន​បទបញ្ជា យើង​ត្រូវ​គោរព​ទៅ​តាម​បទបញ្ជា​របស់​សម្ដេច​ប៉ុណ្ណោះ»
ចំណែក​នៅ​ឯ​តំបន់​ប្រាសាទ​តាមាន់​ធំ ក្នុង​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ ដែល​កងទ័ព​ខ្មែរ-​ថៃ ធ្លាប់​បាន​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​ឧសភា កន្លង​មក​ដែរ​នោះ​ មក​ដល់​បច្ចុប្បន្ន​ក៏​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​យោធា​មាន​ភាព​ប្រសើរ​ ឡើង​វិញ​ដែរ។
ទាហាន​ខ្មែរ​ម្នាក់​​នៅ​ក្នុង​ចំណុះ​កងពល​តូច​លេខ​៤២ ដែល​កំពុង​ប្រចាំ​ការពារ​ព្រំដែន​នៅ​ប្រាសាទ​តាមាន់​ធំ បាន​មាន​ប្រសាសន៍​ថា តាំង​ពី​ប្រទេស​ថៃ ដូរ​នាយករដ្ឋមន្ត្រី​ថ្មី​មក​គឺ​ទាហាន​ខ្មែរ-​អាច​ទំនាក់ទំនង​និយាយ​ស្ដី​រក ​គ្នា​បាន​ មិន​ដូច​កាល​ពី​មុន​ទេ ៖ «នេះ​កាន់​តែ​ធូរ​ស្រាល​គ្រាន់​ជាង​ មុន។ សព្វ​ថ្ងៃ​ខ្ញុំ​នៅ​លើ​ប្រាសាទ​ហ្នឹង ធ្វើ​ការ​ជាមួយ​គ្នា និយាយ​គ្នា​លេង ប្រាច​គ្នា​លេង​រាល់​ថ្ងៃ​ហ្នឹង។ នៅ​ក្នុង​ការ​ប្រុង​ហ្នឹង យើង​ចេះ​តែ​ប្រុង​អ៊ីចឹង​ឯង យើង​ក៏​មិន​ទុក​ចិត្ត​វា វា​ក៏​មិន​ទុក​ចិត្ត​យើង»
លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ខ្មែរ បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​គណបក្ស​ភឿថៃ បាន​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ លោក​សម្គាល់​ឃើញ​ថា ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ធ្លាប់​តែ​ប្រេះស្រាំ​កន្លង​មក ​ ហាក់​ដូចជា​ប្រសើរ​ឡើង​វិញ ដោយសារ​តែ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ មាន​គោលនយោបាយ និង​ទស្សនៈ​វិស័យ​ចង់​​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ ដូច​គ្នា​នឹង​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ថា​ចង់​បាន​ការ​ដោះស្រាយ​ដោយ​សន្តិភាព មិន​ចង់​បាន​ការ​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​ដូច​កាល​ពី​ជាង ៣​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ៕

0 comments:

Blog Archive