គ្រាន់តែចូលក្នុងព្រះបរមរាជវាំងមិនបានទាំងកន្លះម៉ោងផង មេដឹកនាំកំពូលនៃគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិក៏បានចេញមកវិញរៀងៗខ្លួនដោយមិនបាននិយាយអ្វីប្រាប់អ្នកកាសែតទេ។ ការបញ្ចប់ជំនួបកំពូលដោយតក់ក្រហល់បែបនេះទំនងជាភាគីទាំងពីរមិនអាចនិយាយគ្នាបានទេ។ នៅពេលទាក់ទងតាមទូរសព្ទ័ លោក កឹម សុខា បដិសេធមិនធ្វើអត្ថាធិប្បាយទេ។

រថយន្តលោកសម រង្ស៊ី ពេលចេញពីព្រះបរមរាជវាំង (Siv Channa/RFI)
ការបញ្ចប់យ៉ាងតក់ក្រហល់នេះបានបង្ហាញពីបរាជ័យនៃជំនួបនេះហើយ។ គណៈប្រតិភូ៣នាក់របស់គណបក្សប្រជាជនកម្ពុជាបានទៅដល់ព្រះបរមរាជវាំងនៅវេលាម៉ោង ៨និង៥០នាទី។ រីឯប្រតិភូគណបក្សសង្គ្រោះជាតិបានទៅដល់តាមក្រោយនៅក្រោយម៉ោង៩បន្តិច។
កិច្ចប្រជុំគ្រោងបើកធ្វើនៅម៉ោង៩ព្រឹកក្រោមព្រះរាជធាធិបតីភាពរបស់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ សមាសភាពរបស់គណបក្សប្រជាជនកម្ពុជា មាន ៣ រូប គឺលោក ហ៊ុន សែន អនុប្រធានគណបក្ស លោក សាយ ឈុំ សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស និងលោក ស ខេង ឧបនាយករដ្ឋមន្ត្រី។
រីឯសមាសភាពរបស់គណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី លោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ និងលោកស្រី ជូឡុង សូមូរ៉ា ភរិយារបស់លោកសមរង្ស៊ី និងជាតំណាងរាស្ត្រ។ ប៉ុន្តែ ជំនួបនេះស្រាប់តែបានបញ្ចប់ទៅវិញដោយតក់ក្រហល់។ នៅពេលទាក់ទងតាមទូរសព្ទ័ លោក កឹម សុខា បានបដិសេធមិនធ្វើអត្ថាធិប្បាយពីបញ្ហានេះទេ៕



![គណះបក្សសង្រ្គោះជាតិមិនចាប់អារម្មណ៏និងការបែងចែកអំណាចទេ
ភ្នំពេញៈ មន្រ្តីគណបក្សប្រឆាំងកាលពីម្សិលមិញបានបន្តអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យនិងហ្មត់ចត់ទៅលើលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ហើយថ្លែងថា គណបក្សនេះមិនមានចេតនាដើម្បីជួបចរចាជាមួយគណបក្សកាន់អំណាច ពាក់ព័ន្ធនឹងការចែកអំណាចនោះទេ។
ការថ្លែងបែបនេះបានធ្វើ ឡើងមួយថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យមានគណៈកម្មការពីរ ដែលគណៈកម្មការមួយនឹងមើលទៅលើលទ្ធផលនៃការបោះឆ្នោត រីឯគណៈកម្មការមួយទៀតនឹងបើកចរចាពីការបែងចែកអំណាច ខណៈមានពាក្យចចាមអារ៉ាមថា ការចរចាបែបនេះអាចនឹងកើតឡើងបាន។
អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងកាលពីម្សិលមិញថា ៖ «យើងមិនចាប់អារម្មណ៍ [ការពិភាក្សាបែងចែកអំណាចទេ]។ នេះគឺជាពាក្យចចាមអារ៉ាមយើងត្រូវការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនដែលត្រូវគេលុបឈ្មោះចោលសិន»។
កាលពីរសៀលថ្ងៃពុធ លោក យឹម សុវណ្ណ ថ្លែងថា គណបក្សបានទទួលពាក្យពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា ការស្នើសុំឲ្យមានការស៊ើបអង្កេតឯករាជ្យមិនអាចទៅរួចទេ ដោយសារពេលវេលាមិនគ្រប់គ្រាន់ ប៉ុន្តែបានបញ្ជាក់ថា ពួកគេរួមជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល និងភាគីដទៃៗទៀតត្រូវអញ្ជើញទៅសង្កេតការណ៍ក្នុងការរាប់ សន្លឹកឆ្នោត។
លិខិតនេះបានធ្វើឡើងស្ទើរតែចំពេលជាមួយនឹងពាក្យសម្តីរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលក្នុងនោះលោកបានថ្លែងថា ប្រសិនបើ គ.ជ.ប អនុញ្ញាតឲ្យមានការស៊ើបអង្កេត លោកនឹងស្វាគមន៍គណៈកម្មការមួយនេះដែលបង្កើតឡើងដោយមានសមាសភាព នៃគណបក្សទាំងពីរនិងអង្គការក្រៅរដ្ឋាភិបាល ដើម្បីពិនិត្យទៅលើអ្វីដែលជាភាពមិនប្រក្រតីនៃការបោះឆ្នោត។
លោក យឹម សុវណ្ណ បន្តថាគណបក្សលោកកំពុងប្រកាន់ជំហររឹងមាំ ចំពោះសំណើដំបូងរបស់ខ្លួនដែលសុំឲ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតមួយ ដែលរួមបញ្ចូលតំណាងរបស់អង្គការសហប្រជាជាតិ ហើយមិនមែនសម្រាប់តែ «សង្កេតការណ៍ឬតាមដានប៉ុណ្ណោះទេ ប៉ុន្តែត្រូវវាយតម្លៃបញ្ហានិងវាយតម្លៃផលវិបាកដែលបានប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតទាំងមូល»។
អ្នកនាំ ពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផានបានថ្លែងថារហូតមកដល់ពេលនេះមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ អំពីការបង្កើតគណៈកម្មការស៊ើបអង្កេតលើការបោះឆ្នោតនោះ។
លោកបានថ្លែងថា ៖ «ចំពោះរឿងនេះខ្ញុំមិនឮអ្វីពី [គណបក្សប្រឆាំង] ទេ»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ជាមួយនឹងភាពជាប់គាំងដែលបង្ហាញសញ្ញាតិចតួចនៃភាពកាន់តែខ្សោយទៅៗ គឺគណបក្សសង្គ្រោះជាតិត្រូវបញ្ចប់និងចេញតួលេខរបស់ខ្លួនឲ្យ បានឆាប់តាមដែលអាចធ្វើទៅបាន។
លោក អ៊ូ វីរៈ បន្តទៀតថា៖ «ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតគឺជាផ្នែកងាយស្រួលបំផុត។ គណបក្សប្រឆាំងត្រូវបង្ហាញទម្រង់ ១១០៤ របស់ខ្លួន [តួលេខផ្ទាល់បានពីការិយាល័យបោះឆ្នោតនីមួយៗ] ដើម្បីប្រៀបធៀបជាមួយនឹងទម្រង់របស់ គ.ជ.ប តាមការិយាល័យនីមួយៗនោះហើយ ជាការសំខាន់ ហើយជារឿងងាយស្រួលបំផុតក្នុងការធ្វើបែបនេះ។ ខ្ញុំនឹងមិនបញ្ជាក់ឬបដិសេធការអះអាងរបស់គណបក្សទាំងពីរនោះទេ»។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានថ្លែងថា គណបក្សរបស់លោកកំពុងបន្តប្រមូលតួលេខពីភ្នាក់ងារអង្កេតការណ៍ដែលប្រចាំការនៅការិយាល័យបោះឆ្នោតរាប់ម៉ឺនការិយាល័យ ប៉ុន្តែថា ពួកគេបានប្រមូលភ័ស្តុតាងបានគ្រប់គ្រាន់រួចហើយ ដើម្បីបង្ហាញថា គណបក្សបានឈ្នះអាសនៈច្រើនជាងតួលេខបង្ហាញដោយ គ.ជ.ប។
លោកបន្តថា ៖ «វាសំខាន់ត្រូវឲ្យមានការបង្កើតគណៈកម្មការមួយដើម្បីឲ្យយើងអាចទៅ គ.ជ.ប និយាយបង្ហាញថា តួលេខទាំងនេះបានមកពីណា? សូមរាប់ទាំងអស់គ្នាជាពិសេសនៅក្នុងខេត្តទាំងនេះ [ជាកន្លែងដែលយើងឃើញមានបញ្ហា]»។
ដោយធ្វើនៅកន្លែងផ្សេងៗគ្នាភ័ស្តុតាងដែលសន្មតដោយគណបក្ស សង្គ្រោះជាតិ ទំនងជានឹងចេញក្នុងពេលឆាប់ៗនេះ។ នៅក្នុងការបង្ហាញនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានបង្ហាញទម្រង់តាមដានការបោះឆ្នោតលេខ ១១០៤ ដែលគាំទ្រទៅលើការបង្ហាញថា គ.ជ.ប បានបំប៉ោងការរាប់សន្លឹកឆ្នោតរបស់គណបក្សតូចៗនៅ ការិយាល័យមួយ ដោយថ្លែងថា ខ្លួនមានភ័ស្តុតាងគ្រប់គ្រាន់នៃអំពើក្លែងបន្លំដោយ គ.ជ.ប នោះ ដែលបានធ្វើឲ្យប៉ះពាល់ទៅលើការបោះឆ្នោត។
តាមការដាក់បង្ហាញលើទំព័រ ហ្វេសប៊ុក នោះថា៖ «ភ័ស្តុតាងស្រដៀងគ្នាអាច រកឃើញផងដែរនៅការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងប្រទេស»។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានច្រានចោលការលើកឡើងដែលថា មានការក្លែងបន្លំបែបនេះ ហើយបានហៅការលើកឡើងនេះថា គ្មានមូលដ្ឋានច្បាស់លាស់៕
ប្រភពពីភ្នំពេញប៉ូស្តិ៏](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-prn1/564215_397615603693901_1338633476_n.jpg)










