ពលរដ្ឋបារម្ភអំពីសកម្មភាពបូមខ្សាច់នៅព្រែកតាតៃ
ដោយ អ៊ួន ឈិន
2011-08-29
ទោះបីជាមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរដ្ឋាភិបាលចំពោះផលប៉ះពាល់ដែលបណ្ដាលមកពីការបូមខ្សាច់ក៏ដោយ ក៏សកម្មភាពបូមខ្សាច់នៅតែមានបន្ត។ការបូមខ្សាច់ដែលអូសបន្លាយអស់រយៈពេលជាច្រើនខែកន្លងទៅហើយ បានធ្វើឲ្យប្រជាសហគមន៍ដែលរស់នៅតាមដងព្រែកតាតៃ ក្នុងឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង រងនូវផលប៉ះពាល់ទាំងផ្នែកជីវភាពនិងបរិស្ថានធម្មជាតិ។
ផលប៉ះពាល់ផ្នែកជីវភាពដែលបណ្ដាលមកពីការបូមខ្សាច់គឺការធ្វើឲ្យបាក់ច្រាំងដីចម្ការនិងភូមិម្កររបស់ប្រជាពលរដ្ឋនៅតាមដងព្រែក ការធ្វើថមថយនូវធនធានមច្ឆាជាតិ និងការរំខានផ្សេងៗទៀត។
ស្ត្រីវ័យ ៦៥ឆ្នាំរស់នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង អ្នកស្រី ឡែម លី បានឲ្យដឹងថា តាំងពីមានសាឡង់ធំៗចូលមកបូម ជីកកកាយនិងដឹកជញ្ជូនខ្សាច់នៅក្នុងព្រែកនាភូមិរបស់អ្នកស្រី អ្នកស្រីមានក្ដីកង្វល់ជារៀងរហូតមក។
ក្រៅពីក្ដីបារម្ភអំពីការបាក់ដីភូមិនិងចម្ការ អ្នកស្រី ឡែម លី បន្ថែមថា ការនេសាទជាលក្ខណៈគ្រួសារដែលក្រុមគ្រួសាររបស់គាត់និងប្រជាពលរដ្ឋដទៃទៀតធ្លាប់តែធ្វើបានកាលពីពេលកន្លងទៅ ឥឡូវនេះលែងជាអំណោយផលសម្រាប់ពួកគាត់តទៅទៀតហើយ។
ដូចគ្នានេះដែរ បុរសអាយុ ៦៩ឆ្នាំ លោក ពូក សុខ ថ្លែងថា ការបូមនិងដឹកជញ្ជូនខ្សាច់បានរំខានយ៉ាងខ្លាំងដល់ជីវភាពរបស់អ្នកភូមិអន្លង់វ៉ាក់ រាប់ទាំងការរំខានដល់ការធ្វើដំណើរតាមទឹករបស់ប្រជាពលរដ្ឋនិងសិស្សសាលា។
លេខាគ្រប់គ្រងការិយាល័យនៃសហគមន៍ទេសចរណ៍ធម្មជាតិតាតៃក្រោម លោក ជា ម៉ានិត ថ្លែងថា ថ្មីៗកន្លងទៅនេះប្រតិភូរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មបូមខ្សាច់នៅព្រែកតាតៃ ហើយបានប្រគល់ជូនលោកនូវឯកសារមួយចំនួនដែលបញ្ជាក់ថា ការបូមនិងជីកកកាយខ្សាច់ត្រូវបានអនុញ្ញាតឲ្យធ្វើនៅប៉ែកកណ្ដាលនៃព្រែកគឺនៅចម្ងាយ ១៥០ម៉ែត្រពីមាត់ព្រែកទាំងសងខាង ហើយឲ្យបូមជម្រៅពី ២ ទៅ ៤ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែការបូមដែលបានធ្វើកន្លងទៅមិនបានអនុវត្តទៅតាមគោលការណ៍ណែនាំផ្នែកបច្ចេកទេសឡើយ មិនតែប៉ុណ្ណោះថែមទាំងបូមនិងជីកកកាយនៅតំបន់ហាមឃាត់ទៀតផង។
លោក ជា ម៉ានិត បន្ថែមថា សាឡង់បូមខ្សាច់ដែលកំពុងតែធ្វើសកម្មភាពក្នុងពេលបច្ចុប្បន្ន ភាគច្រើនជាសាឡង់នៅក្រោមឱវាទរបស់ក្រុមហ៊ុនវៀតណាម ឈ្មោះ ហាអាញ់ (Hà Anh) ហើយនៅលើសាឡង់បូមនិងដឹកជញ្ជូនខ្សាច់ជាច្រើនមានដាក់ស្លាកឈ្មោះជាអក្សរវៀតណាមថា វីហាយ (Vi Hài) ក្រៅពីនោះជាសាឡង់របស់ក្រុមចិន ដែលក្រុមហ៊ុនទាំងនេះទទួលទិញអាជ្ញាប័ណ្ណបន្តពីក្រុមហ៊ុនក្នុងស្រុកឈ្មោះ អិល.វ៉ាយ.ភី គ្រូប (L.Y.P Group)។
លោក ជា ម៉ានិត បានឲ្យដឹងបន្ថែមថា ការធ្វើអាជីវកម្មបូមខ្សាច់នៅព្រែកតាតៃ គឺជាអាជីវកម្មទ្រង់ទ្រាយធំ សម្រាប់ការនាំចេញទៅលក់នៅប្រទេសសិង្ហបុរី ដោយក្នុងខ្សាច់ ១ម៉ែត្រត្រីគុណ ក្រុមហ៊ុនត្រូវបង់ជូនរដ្ឋចំនួន ៤០០រៀល។
នៅក្នុងពិធីអបអរសាទរការដាក់បញ្ចូលឆ្នេរសមុទ្ទស្អាតបំផុតលើពិភពលោក និងពិធីប្រកាសផ្សព្វផ្សាយផែនការសកម្មភាពអនុវត្តបន្ត នៅឯសណ្ឋាគារឯករាជ្យ នាក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍សម្ដែងកង្វល់ទាក់ទងនឹងផលប៉ះពាល់ដោយការធ្វើអាជីវកម្មបូមខ្សាច់ដែរ។
លេខាគ្រប់គ្រងការិយាល័យនៃសហគមន៍ទេសចរណ៍ធម្មជាតិតាតៃក្រោម លោក ជា ម៉ានិត បញ្ជាក់បន្ថែមថា សកម្មភាពបូមនិងដឹកជញ្ជូនខ្សាច់នៅព្រែកតាតៃបន្តទាំងថ្ងៃទាំងយប់ ហើយសាឡង់ដឹកខ្សាច់បានបុកសសរស្ពានតាតៃចំនួនពីរហើយគឺសាឡង់របស់ក្រុមហ៊ុនចិនបុកមួយលើកនិងសាឡង់របស់ក្រុមហ៊ុនវៀតណាមបុកមួយលើក ។ លោក ជា មានិត បន្តថា ក្រៅពីការបូមខ្សាច់ដោយសាឡង់ធំៗ នៅមានការបូមខ្សាច់ដោយទូកតូចៗនៅក្បែរស្ពានតាតៃជាទីប្រជុំជនឃុំតាតៃទៀត ដែលបង្កការរំខានយ៉ាងខ្លាំងដល់បរិស្ថាន ការរស់នៅរបស់ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍ធម្មជាតិ៕
រូបភាពមួយចំនួន៖
0 comments:
Post a Comment