Tuesday, August 30, 2011

គណៈរដ្ឋមន្រ្តី​ឆ្លង​សេចក្តី​ព្រាង​ច្បាប់​​ស្តីពី​ការ​គ្រប់គ្រង​អាស៊ីដ​​ខ្លាំង

2011-08-26
ទីស្តីការ​គណៈរដ្ឋមន្រ្តី នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១១ បាន​ឆ្លង​សេចក្តី​ព្រាង​ច្បាប់​សំខាន់​មួយ​ស្តីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង ដែល​កន្លង​មក​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ប្រើប្រាស់​ទឹក​អាស៊ីត​នេះ​ជា​អាវុធ ដើម្បី​សម្លាប់ និង​បំផ្លាញ​សម្ឆស្ស។

RFA Photo
១៩-មីនា-២០១០៖ ជន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីដ អ្នកស្រី តាត ម៉ារីណា នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​សហរដ្ឋ​អាមេរិក។

មាន​ក្រសួង និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន​បាន​ចូល​រួម​សហការ​ចងក្រង​សេចក្តី​ព្រាង​ច្បាប់​នេះ ក្នុង​នោះ​មាន​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្រសួង​យុត្តិធម៌ ក្រសួង​សុខាភិបាល ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា គណៈ​មេធាវី​កម្ពុជា និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho)។
ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឃើញ​សេចក្តី​ព្រាង​ច្បាប់​ដែល​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ ត្រូវ​បាន​សភា​ជាតិ​អនុម័ត​ឲ្យ​បាន​ឆាប់​ដើម្បី​ចូល​ជា​ធរមាន។
លោក​បន្ត​ថា ៖ «បញ្ហា​ដែល​ប្រើប្រាស់​អាស៊ីត​នេះ​ជា​បញ្ហា​ប្រឈម​មួយ​ដ៏​ធ្ងន់ធ្ងរ ហើយ​ជន​រងគ្រោះ​ក៏​កំពុង​តែ​កើត​មាន​ជា​បន្ត​បន្ទាប់ ដោយសារ​បញ្ហា​អាស៊ីដ​​នេះ។ សង្ឃឹម​ថា ច្បាប់​នេះ​ចេញ និង​អាច​កាត់​បន្ថយ​នូវ​ការ​ប្រើប្រាស់​អាស៊ីដ​​ដើម្បី​វាយ​ប្រហារ​គ្នា​បាន»
ផ្អែក​តាម​ការ​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​ដោយ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ចុះ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១១ បាន​ឲ្យ​ដឹង​ថា កន្លង​មក​ការ​ប្រើប្រាស់​អាស៊ីដ​​ខ្លាំង ដើម្បី​ជះ​ស្រោច​ទៅ​លើ​មនុស្ស​បាន​កើត​មាន​ជា​បន្ត​បន្ទាប់ ហើយ​ដែល​បទល្មើស​នេះ​អាច​ចាត់​ទុក​ថា ជា​បទល្មើស​ដែល​មាន​ចរិត​សាហាវ​ឃោរឃៅ​យង់ឃ្នង អមនុស្សធម៌ ហើយ​បន្សល់​ទុក​នូវ​សោកនាដកម្ម ដោយសារ​រង​របួស​ស្នាម ខូច​សម្ឆស្ស​ពី​ធម្មជាតិ និង​ពិការ​មួយ​ជីវិត។
សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា សេចក្តី​ព្រាង​ច្បាប់​នេះ គឺ​ជា​ច្បាប់​ពិសេស​បន្ថែម​លើ​ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​ស្រាប់ ដើម្បី​ទប់ស្កាត់​បទល្មើស​អាស៊ីដ​​ខ្លាំង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​​ដើម្បី​ចូលរួម​ចំណែក​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ និង​សុវត្ថិភាព​សង្គម។
លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០១១ នេះ មាន​ករណី​ជះ​ទឹក​អាស៊ីដ​​ចំនួន​ជាង ១០​ករណី ដែល​ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​ប្រចណ្ឌ​នៃ​ស្នេហា​ត្រីកោណ និង​ជម្លោះ​ផ្សេងៗ​ទៀត។
កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ម្តាយ​មីង​របស់​នាង អ៊ិន សុខលីដា គឺ​លោកស្រី យ៉ា សុខនីម ដែល​បាន​រង​គ្រោះ​ដោយសារ​ការ​ជះ​ទឹក​អាស៊ីដ នៅ​ឆ្នាំ​២០០៨ កន្លង​ទៅ​នោះ បាន​ស្លាប់​ដោយសារ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ៕

0 comments:

Blog Archive