លោក ជា មុនី ប្ដឹងមន្ត្រីសហជីពខ្មែរពីបទគំរាមប្រើអាវុធមកលើកម្មករ
ដោយ ទីន ហ្សាការីយ៉ា
2011-08-30
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ពាក្យបណ្ដឹងទៅស្នងការនគរបាលខែត្រកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែសីហា ប្ដឹងមន្ត្រីសហព័ន្ធសហជីពខ្មែរពីបទគំរាមកំហែងប្រើអាវុធមកលើកម្មកររោងចក្រផលិតស្បែងជើង ស៊ីម៉ាណូ (Shimano) នៅខែត្រកំពង់ស្ពឺ។លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅថ្ងៃទី២៩ ខែសីហា ថា លោកបានដាក់ពាក្យបណ្ដឹងទៅស្នងការនគរបាលខែត្រកំពង់ស្ពឺ រួចហើយ អំពីករណីមន្ត្រីសហជីពសហព័ន្ធខ្មែរឈ្មោះ ម៉ុក សុវណ្ណ គំរាមបាញ់សម្លាប់កម្មករ ខណៈកម្មករធ្វើកូដកម្មទាមទារឲ្យថៅកែទទួលយកកម្មករចំនួន ៣នាក់ ដែលថៅកែបញ្ឈប់ការងារពួកគេ។
លោកបន្ថែមថា ៖ «កូដកម្មហ្នឹងអស់រយៈពេលមួយខែហើយ ក្នុងនោះឃើញថា មានសជីពមួយចំនួន និងសន្តិសុខហ្នឹង យកដំបងមកឆក់កម្មករ ហើយមន្ត្រីសហជីពសហព័ន្ធហ្នឹងបានយកកាំភ្លើងទៅគំរាមកម្មករឲ្យចូលធ្វើការវិញ បើមិនចូលធ្វើការទេគេនឹងបាញ់ចោល»។
ស្នងការនគរបាលខែត្រកំពង់ស្ពឺ លោក កែវ ពិសី បានបញ្ជាក់ថា លោកមិនទាន់ទទួលពាក្យបណ្ដឹងនេះនៅឡើយទេនៅល្ងាចថ្ងៃទី២៩ ខែសីហា ដោយសារលោកនៅជាប់ប្រជុំ។
កម្មការិនីមួយរូបឈ្មោះ ជិន បុប្ឆា ដែលជាអ្នករងគ្រោះដោយសារសន្តិសុខរោងចក្របានឆក់នាង ខណៈនាង និងកម្មករជាង ២០០នាក់ផ្សេងទៀត បានធ្វើកូដកម្ម ដែលធ្វើឡើងចាប់ពីថ្ងៃទី២២ ខែសីហា មកដល់ថ្ងៃទី២៩ ខែសីហា នោះ បានបញ្ជាក់ថា លោក ម៉ុក សុវណ្ណ ជាមន្ត្រីសហជីពសហព័ន្ធខ្មែរបានទៅគំរាមបាញ់កម្មករនៅព្រឹកថ្ងៃទី២៩ ខែសីហា ពីព្រោះថា កម្មករនៅតែមិនព្រមចូលធ្វើការ ដោយទាមទារឲ្យថៅកែទទួលយកកម្មករចំនួន ៣នាក់ ដែលថៅកែបញ្ឈប់នោះឲ្យចូលធ្វើការវិញ។
កម្មការិនីដដែលបញ្ជាក់ថា ៖ «ចូលមកអុកឡុកមកកន្លែងពួកខ្ញុំនៅស្ងប់ស្ងាត់ហ្នឹង គាត់យកកាំភ្លើងមកបាញ់ឡើងលើ ពេលហ្នឹងខ្ញុំសួរថា ម៉េចក៏សហជីពមានកាំភ្លើងអ៊ីចឹង? គាត់ឆ្លើយថា សហជីពគាត់មានកាំភ្លើងអ៊ីចឹងហើយ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីសហជីពសហព័ន្ធខ្មែរ លោក ម៉ុក សុវណ្ណ ដើម្បីសួរអំពីការចោទប្រកាន់នេះបាននៅឡើយទេ នៅថ្ងៃទី២៩ ខែសីហា។ ប៉ុន្តែលោក ជួន មុំថុល ប្រធានសហជីពសហព័ន្ធខ្មែរបានបដិសេធថា មន្ត្រីសហជីពរបស់លោកមិនមានកាំភ្លើងកាន់ទេ ៖ «អត់មានទេ ប្រហែលជាច្រឡំជាមួយប៉ូលិសទេដឹង?»។
លោក ជា មុនី បានអះអាងថា មន្ត្រីសហជីពរបស់លោកបានថតរូបលោក ម៉ុក សុវណ្ណ ជាភស្តុងតាងបាននៅព្រឹកថ្ងៃទី២៩ ខែសីហា ដែលសៀតកាំភ្លើងខ្លីជាប់នៅចង្កេះ។ ការគំរាមកំហែងចង់បាញ់កម្មករដើម្បីឲ្យកម្មករឈប់តវ៉ានេះ លោក ជា មុនី បញ្ជាក់ថា ដោយសារតែកម្មករបីនាក់ដែលថៅកែបានបញ្ឈប់នោះជាសកម្មជនរបស់លោកដែលគេមានការរើសអើង។
លោក ជា មុនី បានលើកឡើងថា នេះជាលើកទីពីរហើយដែលមានករណីបាញ់គំរាមកម្មករនៅក្នុងខែត្រកំពង់ស្ពឺ ពីព្រោះថា កាលពីខែមិថុនា ឆ្នាំ២០១១ សន្តិសុខរោងចក្រ សាង ហ៊ួ បានបាញ់ឡើងលើគំរាមកម្មករដែរ ខណៈដែលកម្មករធ្វើកូដកម្ម ប៉ុន្តែអាជ្ញាធរខែត្រកំពង់ស្ពឺ មិនបានរកយុត្តិធម៌ ដោយដោះស្រាយទៅតាមផ្លូវច្បាប់ជូនកម្មករនោះ។
របាយការណ៍ពីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរថា កម្មកររោងចក្រមួយចំនួនដែលថៅកែបានបញ្ឈប់គ្មានមូលហេតុច្បាស់លាស់ និងខុសលក្ខខណ្ឌការងារនោះ មានប្រមាណជិត ១០០នាក់នៅក្នុងឆ្នាំ២០១១៕
0 comments:
Post a Comment