Tuesday, August 30, 2011

តើ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ​ឬ​ជា​មេដឹកនាំ​បែប​សម្រប​សម្រួល?

2011-08-27
ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​ការ​ដឹកនាំ​នៅ​កម្ពុជា បាន​វាយ​តម្លៃ​ដល់​បុគ្គលិក​លក្ខណៈ​របស់​មេដឹកនាំ​រដ្ឋាភិបាល​ថា ជា​មេដឹកនាំ​ផ្ដាច់ការ និង​ការ​ដឹកនាំ​ដោយ​យក​មាត់​ជា​ច្បាប់។

RFA/Sok Serey
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១១។

ក្រុម​អ្នក​វិភាគ​អំពី​គោលនយោបាយ​ដឹក​នាំ​ក្នុង​ប្រទេស​កម្ពុជា បាន​ចូល​រួម​បកស្រាយ​អំពី​បុគ្គលិក​លក្ខណៈ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជា​មេដឹកនាំ​ដែល​យក​មាត់​ជា​ច្បាប់ មាន​ចរិត​ឆាប់​ខឹង​ច្រឡោត និង​អត្តនោម័តិ។
សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ ហ្គាំ (Guam) ក្នុង​សហរដ្ឋ​អាមេរិក លោក​បណ្ឌិត ហ្គាហ្វារ ពាងម៉េត (Gaffar Peang Meth) មាន​ប្រសាសន៍​តាម​សារ​អេឡិចត្រូនិក (Email) ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ ពីព្រោះ​រាល់​អំណាច​ទាំង​អស់ រាប់​ទាំង​អំណាច​តុលាការ អំណាច​រដ្ឋបាល និង​អំណាច​នីតិប្បញ្ញត្តិ ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​តែ​ម្នាក់​ប៉ុណ្ណោះ។
ចំណែក​លោក ចិត្ត ជលសារ ដែល​ជា​អ្នក​វិភាគ​ទស្សនៈ​វិទ្យាសាស្ត្រ​នយោបាយ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា​ដែរ​នោះ មាន​ប្រសាសន៍​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មនុស្ស​ឆេវឆាវ ឆាប់​ច្រឡោត ចូល​ចិត្ត​ឲ្យ​មនុស្សម្នា​លើក​តម្កើង កោត​សរសើរ ជា​មេដឹកនាំ​ដែល​យក​មាត់​ជា​ច្បាប់ និង​ជា​បទបញ្ជា​ជាដើម។
លោក​មាន​ប្រសាសន៍​ទៀត​ថា ៖ «លោក ហ៊ុន សែន គឺ​ជា​សុភាព​បុរស​ផ្ដាច់ការ យក​មាត់​ធ្វើ​ជា​ច្បាប់។ វា​មិន​បញ្ជាក់​ថា ភាព​ផ្ដាច់ការ​តាម​រយៈ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ខ្លឹមសារ​នៃ​ពាក្យ​សម្ដី​របស់​គាត់ គឺ​ជា​ច្បាប់។ ធម្មតា​ការ​និយាយ​គ្រាន់​តែ​ជា​សិល្បៈ​ក្នុង​ការ​និយាយ​ដែល​មេដឹកនាំ​ពិភពលោក​មាន​ភាព​ដោយ​ឡែក​ផ្សេងៗ​ពី​គ្នា។ សំខាន់​បំផុត តើ​ពាក្យ​សម្ដី​ហ្នឹង​ចេញ​ជា​បទបញ្ជា​វា​ធំ​ជាង​ប្រព័ន្ធ​តុលាការ​ដែរ ឬ​អត់? អ៊ីចឹង​គាត់​ប្រើប្រាស់​ពាក្យ​សម្ដី​របស់​គាត់​ទាំង​អសីលធម៌​ដើម្បី​ធ្វើ​ជា​ច្បាប់​ក្នុង​ចំណុច​ណា​មួយ»
លោក​ថ្លែង​បន្ត​ថា ការ​ដឹកនាំ​នៅ​កម្ពុជា ជា​ការ​ដឹកនាំ​ដោយ​បុគ្គល​មួយ​រូប​ប៉ុណ្ណោះ ដោយសារ​រាល់​ករណី​ទាំង​អស់​ត្រូវ​ចេញ​មុខ​ដោះស្រាយ​ដោយ​នាយករដ្ឋមន្ត្រី រាប់​ទាំង​ពី​ករណី​តូចតាច​ឡើង​ទៅ ៖ «គាត់​គ្រប់គ្រង​កិច្ចការ​តាំង​ពី​តូច​រហូត​ដល់​ធំ សូម្បី​គ្រាន់តែ​អ្នក​ជីក​ក្ដាម​ហ្នឹង​កាប់​គ្នា​ក៏​ត្រូវ​តែ​យក​រូប​លោក ហ៊ុន សែន ទៅ​ការពារ​ដែរ។ ដូច្នេះ​យើង​មើល​ឃើញ​ពី​ភាព​កម្សោយ​នៃ​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា ដោយសារ​តែ​អំណាច​ត្រូវ​រត់​ទៅ​រក​មនុស្ស​តែម្នាក់​ប៉ុណ្ណោះ គឺ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ចំណុច​ហ្នឹង​ដូច​ពេល​ដែល​គាត់​ប្រកាស​ទៅ​លើ​ឡូត៍​នេសាទ បើ​យើង​មើល​ទៅ​ដូចជា​សុភាព​បុរស ជា​មនុស្ស​ដែល​មាន​គុណធម៌ ក៏​ប៉ុន្តែ​ការ​ពិត​វា​ជា​ដំណោះស្រាយ​មួយ​ដែល​រំលង​ទៅ​លើ​ប្រព័ន្ធ​អ្វីៗ​ទាំង​អស់។ បើ​យើង​និយាយ​អំពី​ប្រទេស​ដែល​មាន​នីតិរដ្ឋ គឺ​គេ​ត្រូវ​ដោះស្រាយ​ទៅ​តាម​ឋានានុក្រម មិន​មែន​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​គ្រប់​យ៉ាង សូម្បី​តែ​រឿង​កុងត្រូល​ជជុះ រឿង​ដាច់​ស្ពាន​ប្រាំ​ម៉ែត្រ ក៏​ត្រូវការ​អន្តរាគមន៍​ដែរ»
កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០០៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បដិសេធ​ថា លោក​មិន​មែន​ជា​ជន​ផ្ដាច់ការ​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រុម​បក្ស​ប្រឆាំង ឬ​ការ​ចោទ​ប្រកាន់​នានា​របស់​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​នោះ​ឡើយ។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា លោក​សុខ​ចិត្ត​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ជាង​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ។
លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ៖ «ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​ករុណា​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី បើ​មិន​ឲ្យ​ប្រើ​ប្រព័ន្ធ​តុលាការ មាន​តែ​ប្រើ​កាំភ្លើង​អី? និយាយ​គ្នា​ឲ្យ​ច្បាស់។ ខ្ញុំ​បញ្ជា​ត្រឹម​តែ ២​ម៉ោង​ទេ ភ្នំពេញ គឺ​យក​អស់ សាក​លមើល ក្នុង​ម៉ោង​ហ្នឹង តែ​ពីរ​ម៉ោង​ទេ ប្រសិន​បើ​ខ្ញុំ​ប្រើ​អំណាច​ផ្តាច់ការ អត់​ត្រូវ​ការ​យូរ​រត់​ទៅ​ណា​ក៏​វា​មិន​រួច​ដែរ ឃ្លុំបេ​យក​ទាំង​អស់។ រួច​តាំង​ថា គេ​ផ្ដាច់ការ វា​ទៅ​ជា​ផ្ដេសផ្ដាស។ ថា​គេ​ផ្ដាច់ការ អា​រឿង​ពួក​អ្នក​ថ្លែងការណ៍​ថ្លែង​អី​ហ្នឹង ចង់​បរទេស​ក៏ដោយ ចង់​ខ្មែរ​ក៏ដោយ អ្នក​ឯង​ភ្លើ អ្នក​ឯង​ល្ងង់ អ្នក​ឯង​មិន​ចេះ​ច្បាប់ អ្នក​ឯង​ទទួល​ស្គាល់​តែ​សិទ្ធិ​ពួក​អ្នក​ប្រឆាំង អ្នក​ឯង​មិន​ទទួល​ស្គាល់​អំពី​សិទ្ធិ​ច្បាប់​របស់​ក្រុម​អ្នក​កាន់​អំណាច​ទេ»
ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ធ្លាប់​រាយការណ៍​ថា កម្ពុជា​កំពុង​មាន​ការ​ដឹកនាំ​តាម​រយៈ​ការ​បំភិតបំភ័យ ការ​រឹតត្បិត ហើយ​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ច្បាប់ តែ​មិន​គោរព។
អង្គការ​ឃ្លាំមើល​សិទ្ធិ​សេរីភាព​ក្នុង​ពិភពលោក (Freedom House) កាល​ពី​ដើម​ឆ្នាំ​២០១១ បាន​វាយ​តម្លៃ​ថា កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង ៩០% គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច។
ទាក់​ទិន​នឹង​បញ្ហា​នេះ​ផង​ដែរ លោក ប៊្រែត អាដាម (Brad Adams) នាយក​ប្រតិបត្តិ​សម្រាប់​កិច្ចការ​តំបន់​អាស៊ី ប្រចាំ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) មាន​ប្រសាសន៍​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មនុស្ស​ដែល​ត្រូវ​ក្ដោបក្ដាប់​អំណាច​ទាំង​ស្រុង។
លោក ប៊្រែត អាដាម មាន​ប្រសាសន៍​ដូច្នេះ ៖ «អត្តចរិត​របស់​លោក ហ៊ុន សែន គឺ​គាត់​ជា​មនុស្ស​ដែល​ចង់​គ្រប់គ្រង​អ្វីៗ​ទាំង​ស្រុង។ នៅ​ពេល​ដែល​លោក ហ៊ុន សែន ចង់​បាន​អ្វី​មួយ គាត់​ត្រូវ​យក​ឲ្យ​បាន​ដូច​ចិត្ត តាម​រយៈ​ការ​បញ្ជា​របស់​គាត់​ទៅ​លើ​កម្លាំង​ប៉ូលិស កងទ័ព តុលាការ និង​រដ្ឋ​សភា​ជាដើម។ ខ្ញុំ​សូម​ឲ្យ​ឧទាហរណ៍​មួយ​ទៅ​ចុះ នៅ​ពេល​គាត់​ចង់​ដក​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​ណា​ម្នាក់​ដើម្បី​ចាប់​ខ្លួន ឬ​ផ្ដន្ទា​ទោស​នោះ លោក ហ៊ុន សែន តែង​បង្ខំ​តំណាងរាស្ត្រ​ផ្សេង​ទៀត​ឲ្យ​បោះ​ឆ្នោត ហើយ​ជួនកាល​គាត់​បញ្ជា​កម្លាំង​យោធា​ឲ្យ​ហ៊ុមព័ទ្ធ​រដ្ឋ​សភា​ដើម្បី​បង្ខំ​ឲ្យ​សភា​បោះ​ឆ្នោត​ដក​អភ័យ​ឯកសិទ្ធិ»
កាល​​ពី​ឆ្នាំ​២០១០ កន្លង​ទៅ វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) របស់​អាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ធ្វើការ​ស្ទង់​មតិ​តាម​រយៈ​ការ​សម្ភាស​មនុស្ស​ប្រមាណ ២.០០០​នាក់ បាន​រក​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រជាប្រិយភាព​ដល់​ទៅ ៧៦% ដែល​គេ​ទទួល​ស្គាល់​ថា ជា​មេដឹកនាំ​ដ៏​ល្អ។
ក្រុម​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​បាន​សាទរ​ចំពោះ​ការ​ស្ទង់​មតិ​នេះ ហើយ​ថា ប្រជាប្រិយភាព​របស់​លោក ហ៊ុន សែន មាន​លើស​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ទៅ​ទៀត។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ក្រុម​អ្នក​រិះគន់​ដល់​ការ​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់​តែ​ជា​ក្រុម​ដែល​មាន​និន្នាការ​ផ្ដួល​រំលំ​រដ្ឋាភិបាល ហើយ​ជា​ក្រុម​មនុស្ស​មាន​ចិត្ត​ជា​បិសាច​ប៉ុណ្ណោះ។
លោក​បន្ត​ថា ៖ «អ្នក​ដែល​ថា សម្ដេច ហ៊ុន សែន ផ្ដាច់ការ​មិន​ផ្ដាច់ការ​មិន​មែន​ពួក​អស់​ហ្នឹង​ទេ។ ពួក​ក្រុម​អស់​ហ្នឹង​គ្រាន់​តែ​ជា​អ្នក​មាន​គំនិត​បិសាច​ប៉ុណ្ណោះ ដែល​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ទុក្ខ​វេទនា​តាម​រយៈ​ការ​ឆោឡោ ការ​បះបោរ ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បាន​ផលប្រយោជន៍​ពី​សម្ដេច ហ៊ុន សែន ហ្នឹង គឺ​សន្តិភាព។ អ្នក​ដែល​និយាយ​ហ្នឹង គឺ​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទេ គ្រាន់​តែ​ជា​ការ​វាយ​ប្រហារ។ អំណាច​ផ្ដាច់ការ​ដែល​ពួក​ហ្នឹង​និយាយ គឺ​ដើម្បី​ផលប្រយោជន៍​ពួក​ហ្នឹង​ទាំង​អស់ មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ»
អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ន័រវ៉េ (Norway) លោក អៀរ ចាន់ណា បាន​ឲ្យ​និយម​ន័យ​លើ​មនុស្ស​ដែល​មាន​ចរិត​លក្ខណៈ​ជា​មនុស្ស​ផ្ដាច់ការ​ថា ជា​មនុស្ស​ដែល​មាន​ចរិត​បុគ្គល​និយម ជា​មនុស្ស​ដែល​យល់​ថា ខ្លួន​ជា​អ្នក​ធ្វើ​អ្វីៗ​ត្រូវ​ទាំង​អស់ ជា​មនុស្ស​ដែល​ខ្លាច​ការ​រិះគន់ ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រើ​អាកប្បកិរិយា​គំរាមកំហែង បំភិតបំភ័យ និង​មនុស្ស​ដែល​ចូល​ចិត្ត​ឲ្យ​មាន​ការ​សរសើរ។
លោក​បន្ថែម​ថា ៖ «ជន​ផ្ដាច់ការ​គឺ​ជា​អ្នក​ដែល​អនុវត្ត​នូវ​អំណាច​ដាច់​ខាត​មួយ ជា​ពិសេស​គឺ​ជា​អ្នក​គ្រប់គ្រង​ដែល​មាន​ការ​ត្រួត​ពិនិត្យ និង​គ្រប់គ្រង​ដាច់​ខាត​ក្នុង​ជួរ​រដ្ឋាភិបាល​ដោយ​គ្មាន​ការ​ផ្ដល់​នូវ​បុព្វសិទ្ធិ​ទៅ​ឲ្យ​អ្នក​ផ្សេង​ក្នុង​ការ​ចូល​រួម ក្នុង​ការ​សម្រេច ចូល​រួម​ផ្ដល់​ជា​យោបល់​អ្វី​ទាំង​អស់ ហើយ​នេះ​ជា​ចរិត​លក្ខណៈ​របស់​ជន​ផ្ដាច់ការ»
ពី​ប្រទេស​ស៊ុយអែត លោក ប៉ាង សុឃឿន ដែល​ជា​អ្នក​វិភាគ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ចក្ខុវិស័យ និង​ទស្សនវិស័យ​របស់​លោក ហ៊ុន សែន សម្រាប់​តែ​ខ្លួន​របស់​លោក​ប៉ុណ្ណោះ ដែល​អាច​ដឹកនាំ​កម្ពុជា​បាន ៖ «នៅ​ក្នុង​ទស្សនៈ​នយោបាយ​របស់​គាត់ លោក ហ៊ុន សែន ក្តី ឬ​នៅ​ក្នុង​ក្រុម​គ្រួសារ និង​ញាតិ​មិត្ត​របស់​គាត់​ក្ដី តែង​តែ​និយាយ​ថា គឺ​មាន​តែ ហ៊ុន សែន ទេ​ដែល​ជា​មនុស្ស​ដែល​អាច​ដឹកនាំ​ប្រទេស​កម្ពុជា​បាន បើ​គ្មាន​លោក ហ៊ុន សែន ក៏​គ្មាន​អ្នក​ណា​អាច​ដឹកនាំ​កម្ពុជា​ទេ។ អ៊ីចឹង​នៅ​ក្នុង​ក្រុម​នេះ គាត់​បាន​បង្កើត​ទ្រឹស្ដី​មួយ គឺ​អញ​និយម»
ចំណែក​លោក​បណ្ឌិត សុខ ទូច ដែល​ជា​សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​មាន​ប្រសាសន៍​ថា លោក​មើល​ឃើញ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជា​ការ​ដឹក​នាំ​បែប​សម្របសម្រួល​ជា​ជាង​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​និយម ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា លោក ហ៊ុន សែន ដឹកនាំ​បែប​អត្តនោម័តិ។
លោក សុខ ទូច បន្ត​ថា ៖ «គាត់​អត់​ផ្ដាច់ការ​ទេ បើ​គាត់​ផ្ដាច់ការ សង្គម​យើង​អត់​មាន​អ៊ីចឹង​ទេ បាន​ន័យ​ថា គាត់​ប្រើប្រាស់​ប្រសាសន៍​ច្រើន​ជាង។ គាត់​អត់​ផ្ដាច់ការ​ទេ គាត់​ហាម​កុំ​ឲ្យ​កាប់​ឈើ តែ​ឈើ​នៅ​តែ​កាប់។ ហាម​កុំ​ឲ្យ​ដាក់​កុងត្រូល​ជជុះ នៅ​តែ​ដាក់​កុងត្រូល​ជជុះ។ អ៊ីចឹង​មាន​ផ្ដាច់ការ​អី?»
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កើត​ក្នុង​ឆ្នាំ​១៩៥២។ នៅ​ឆ្នាំ​១៩៧០ លោក​បាន​ចូល​រួម​ជា​មួយ​កងទ័ព​ខ្មែរ​ក្រហម បន្ទាប់​មក​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​១៩៧៧។ ក្រោយ​ពី​បាន​ដឹកនាំ​កងទ័ព​វៀតណាម ចូល​ឈ្លាន​ពាន​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បណ្ដេញ​ក្រុម​ខ្មែរ​ក្រហម​ឲ្យ​ចូល​ទៅ​ក្នុង​ព្រៃ​ហើយ​បង្កើត​រដ្ឋាភិបាល​កុម្មុយនិស្ត​ហើយ​នោះ លោក ហ៊ុន សែន បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៨៥ តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​របស់​វៀតណាម៕

0 comments:

Blog Archive