គ.ជ.ប.បដិសេធផ្លាស់ប្ដូរសមាសភាពមន្ត្រី
ដោយ សុខ សេរី
2011-08-30
បន្ទាប់ពីគណបក្សនយោបាយនានាបានទាមទារឲ្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) ផ្លាស់ប្ដូរសមាសភាពមន្ត្រីរបស់ខ្លួន ដើម្បីឲ្យស្ថាប័ននេះមានតម្លាភាព ឯករាជ្យ និងយុត្តិធម៌ កាលពីពេលថ្មីៗនេះ នៅថ្ងៃទី៣០ ខែសីហានេះ មន្ត្រីជាន់ខ្ពស់ (គ.ជ.ប.) បានប្រកាសបដិសេធសំណើនោះ។កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១១ កន្លងទៅនេះ គណបក្សនយោបាយមួយចំនួន មានដូចជាគណបក្ស សម រង្ស៊ី គណបក្សសិទ្ធិមនុស្ស និងគណបក្សដទៃទៀត បានសម្ដែងការគាំទ្រសំណើរបស់អង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល (Comfrel) ដែលបានស្នើសុំឲ្យ គ.ជ.ប. កែសម្រួលសមាសភាពពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ឬការិយាល័យបោះឆ្នោត ដើម្បីធានាឯករាជ្យភាព និងអព្យាក្រឹតភាពក្នុងការបោះឆ្នោតខាងមុខ។
អនុប្រធានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា លោកស្រី ស៊ិន ជុំបូ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំមួយជាមួយតំណាងគណបក្សនយោបាយថា មន្ត្រីជាន់ខ្ពស់របស់ គ.ជ.ប. បំពេញតួនាទីដោយឯករាជ្យ និងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតកន្លងមក និងនៅថ្ងៃអនាគត។
លោកស្រីបន្តថា ៖ «យោងទៅតាមមាត្រា១២ នៅក្នុងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានប្រធាន អនុប្រធាន សមាជិក ដែលយល់ព្រមអនុម័តដោយរដ្ឋសភា តាមការស្នើរបស់គណៈរដ្ឋមន្ត្រី និងតែងតាំងដោយព្រះរាជក្រឹត្យ»។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក ហូរ វ៉ាន់ បានមានប្រសាសន៍ប្រតិកម្មថា ការបដិសេធនេះធ្វើឲ្យលោកខកចិត្តយ៉ាងខ្លាំង ៖ «យើង នឹងនៅស្នើបញ្ហានេះជាបន្តទៀតទៅតាមអ្វីដែលយើងអាចស្នើបាន ដូចជាទៅតំណាងរាស្ត្រ ឬក៏ទៅរាជរដ្ឋាភិបាល។ យើងនៅតែស្នើ»។
តំណាងរបស់គណបក្សសិទ្ធិមនុស្ស គឺលោក អ៊ុក ស៊ុយ បានមានប្រសាសន៍ដែរថា បញ្ហាលំបាក និងស្មុគស្មាញកន្លងមក គឺបណ្ដាលមកពីអាជ្ញាធរឃុំ សង្កាត់ នៅមូលដ្ឋានធ្វើការងារគ្មានប្រសិទ្ធភាពសម្រាប់ការចុះឈ្មោះអ្នកបោះ ឆ្នោត និងមានការរើសអើងគណបក្សនយោបាយ។
លោកបន្ថែមដូច្នេះ ៖ «ច្បាប់សរសេរមិនដែលខុសទេ សរសេរត្រូវណាស់។ ប៉ុន្តែអ្នកការងារនៅក្រោម គឺធ្វើមិនបានល្អទេ អ៊ីចឹងហើយបានជាគណបក្សទាមទារឲ្យមានតំណាងគណបក្សនយោបាយទៅដល់ខាង ក្រោមទៅ បើធ្វើមិនបានឯករាជ្យភាពទេ សុំឲ្យមានតំណាងគណបក្សនយោបាយទៅដល់ខាងក្រោមទៅ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា ត្រូវបានបង្កើតឡើងក្រោយពីប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣ រៀបចំដោយអ៊ុតតាក់ (UNTACT)។ ចាប់តាំងពីការបង្កើតនោះមក គណបក្សនយោបាយនានាដែលមិនបានឈ្នះឆ្នោតតែងតែចោទប្រកាន់ថា សមាសភាពរបស់ គ.ជ.ប. មិនឯករាជ្យ និងលម្អៀងទៅខាងគណបក្សប្រជាជនកម្ពុជា កំពុងតែកាន់អំណាច។
តាមប្រភពពីអគ្គលេខាធិការរបស់ គ.ជ.ប. លោក ទេព នីថា បានមានប្រសាសន៍ថា សមាសភាពរបស់ គ.ជ.ប. ថ្នាក់ជាតិបច្ចុប្បន្ន គឺមានចំនួន ៩នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា គណបក្ស សម រង្ស៊ី និងគណបក្សហ៊្វុនស៊ិនប៉ិច ជ្រើសរើសដោយក្រសួងមហាផ្ទៃ។ សមាសភាព គ.ជ.ប. នៅឃុំ សង្កាត់ គឺត្រូវបានជ្រើសរើសជាសាធារណៈនៅរៀងរាល់ការបោះឆ្នោត។
តំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី លោក ហូរ វ៉ាន់ និងតំណាងរាស្ត្រមកពីគណបក្សសិទ្ធិមនុស្ស លោក អ៊ុក ស៊ុយ បានរិះគន់ថា មន្ត្រី គ.ជ.ប. នៅមូលដ្ឋានតែងតែបង្កការលំបាក ឬភាពស្មុគស្មាញដល់អ្នកទៅចុះឈ្មោះបោះឆ្នោតពីគណបក្សរបស់ខ្លួន កន្លងមក៕
0 comments:
Post a Comment