Tuesday, August 30, 2011

អាជ្ញាធរ​ដាក់​ផែនការ​គ្រប់គ្រង​ឡូត៍​នេសាទ​៣៥​ដែល​រដ្ឋ​ដក​ហូត​​ពី​ឯកជន

2011-08-30
អាជ្ញាធរ​បឹង​ទន្លេ​សាប​បាន​ដាក់​ផែនការ​គ្រប់គ្រង​ឡូត៍​នេសាទ​ចំនួន ៣៥ ស្ថិត​ក្នុង​តំបន់​បឹង​ទន្លេ​សាប បន្ទាប់​ពី​រដ្ឋាភិបាល​ដក​ហូត​ឡូត៍​នេសាទ​ទាំង​នោះ​ពី​ឯកជន​មក​ជា​សម្បត្តិ​ រដ្ឋ​វិញ។
RFA/Sok Serey
ប្រជាពលរដ្ឋ​ប្រមូល​ផល​ត្រី​នេសាទ នៅ​ខេត្ត​កំពត កាល​ពី​អំឡុង​ឆ្នាំ​២០០៤។
ការ​បង្ហាញ​ពី​គោលការណ៍​គ្រប់គ្រង និង​ចាត់ចែង​នេះ បាន​អនុលោម​ទៅ​តាម​សារាចរណែនាំ​របស់​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១១ ដែល​តម្រូវ​ឲ្យ​សមត្ថកិច្ច​ជំនាញ អាជ្ញាធរ​ ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចូល​រួម​សហការ​គ្នា​គ្រប់គ្រង​ឡូត៍​ទាំង​នោះ​ឲ្យ​បាន​ល្អ ដើម្បី​ការពារ​ធនធាន​ជលផល​ព្រៃ​លិច​ទឹក និង​ជីវចម្រុះ​នៅ​បឹង​ទន្លេ​សាប​ឲ្យ​សម្បូរណ៍​ឡើង​វិញ។
អាជ្ញាធរ​បឹង​ទន្លេ​សាប​នឹង​បញ្ចប់​ការ​សិក្សា​លើ​ឡូត៍​នេសាទ​ទាំង ៣៥ ដែល​ទើប​ដក​ហូត​ពី​ឯកជន​នៅ​តំបន់​បឹង​ទន្លេ​សាប និង​ឡូត៍​នៅ​ទន្លេ​សាប ខេត្ត​កណ្ដាល និង​រាជធានី​ភ្នំពេញ ក្នុង​រយៈ​ពេល​ប្រមាណ​ជា ៣​ខែ​ខាង​មុខ​ទៀត​នេះ។
នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​បឹង​ទន្លេ​សាប លោក ចាន់ យុត្ថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​សីហា ថា នៅ​ក្រោយ​ការ​សិក្សា អាជ្ញាធរ​នឹង​មាន​ទិន្នន័យ​មួយ​ច្បាស់លាស់​ក្នុង​ការ​វាយ​តម្លៃ និង​សម្រេច​ថា នឹង​ត្រូវ​បិទ​ឡូត៍​ខ្លះ​ចោល​ និង​មួយ​ចំនួន​ទៀត​អាច​បង្រួម​ផ្ទៃ​ក្រឡា​ឲ្យ​នៅ​តូច។
ឡូត៍​នេសាទ​ទាំង ៣៥​នេះ ក្រោយ​ពេល​ដក​ហូត​ពី​ថៅកែ​នឹង​បិទ​មិន​ឲ្យ​ដំណើរការ​រហូត​ដល់​ឆ្នាំ​២០១៤។
លោក​ថ្លែង​បញ្ជាក់​ដែរ​ថា ទិស​ដៅ​របស់​អាជ្ញាធរ​បឹង​ទន្លេ​សាប នឹង​លុប​ឡូត៍​នេសាទ​ទាំង​ឡាយ​ណា​ដែល​នៅ​ជាប់​នឹង​ព្រៃ​លិច​ទឹក​មុន​គេ ដើម្បី​រក្សា​តំបន់​នោះ​ជា​តំបន់​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ។
អនុ​ប្រធាន​សហគមន៍​​នេសាទ កោះ​ព្រែករាំងទិល ក្នុង​ខេត្ត​ពោធិ៍សាត់​ លោក ឡុង សុចែត បាន​គាំទ្រ​ចំពោះ​ផែន​ការ​អភិរក្ស​ការពារ​ធនធាន​ធម្មជាតិ​នៅ​បឹង​ទន្លេ​សាប​ នៅ​ពេល​នេះ និង​សង្ឃឹម​ថា ផល​ត្រី​នឹង​កើន​ឡើង​វិញ​នៅ​ពេល​ខាង​មុខ សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ។ ក៏​ប៉ុន្តែ​លោក​នៅ​មាន​ក្តី​បារម្ភ​ខ្លះ​ថា តើ​ការ​បិទ​នេសាទ​នៅ​តំបន់​នោះ​មាន​ប្រសិទ្ធភាព ឬ​ក៏​យ៉ាងណា?
លោក ចាន់ យុត្ថា បាន​ថ្លែង​បញ្ជាក់​ថា យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​មាន​ច្រើន​ទៀត ក្នុង​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​កន្លែង​ហាម​ឃាត់ ដោយ​មាន​គម្រោង​បំពាក់​កាមេរ៉ា​ស្វ័យប្រវត្តិ​ចាំ​ថត​សកម្មភាព​ជនល្មើស​នៅ​ តំបន់​ឡូត៍​ហាមឃាត់។
ឡូត៍​នេសាទ​ទាំង ៣៥​នោះ នឹង​គ្រប់គ្រង​ដោយ​ផ្ទាល់​ពី​គណៈ​អភិបាល​នៃ​អភិបាល​ខេត្ត​ទាំង​៥ រួម​មាន​ខេត្ត​បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ​ ពោធិ៍សាត់ ដើម្បី​ការពារ​កុំ​ឲ្យ​ការ​ជ្រៀត​ចូល​ទៅ​នេសាទ​នៅ​តំបន់​នោះ​ទៀត។
ចំពោះ​អាជ្ញាធរ​បឹង​ទន្លេ​សាប​ក៏​មាន​តួនាទី​សំខាន់​សម្របសម្រួល​ដឹកនាំ​ ត្រួត​ពិនិត្យ​លើ​សកម្មភាព​ទាំង​នេះ និង​មាន​គណៈកម្មការ​អធិការកិច្ច​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាបាល ក៏​មាន​តួនាទី​ចូល​រួម​ត្រួត​ពិនិត្យ​ដូច​គ្នា​ដែរ ទៅ​លើ​សកម្មភាព​នៃ​បទល្មើស​នេសាទ​ដែល​អាច​នឹង​កើត​មាន​នៅ​តំបន់​នោះ។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​រិះគន់​សកម្មភាព​ទប់​ស្កាត់​បទល្មើស​នេសាទ​នៅ​កម្ពុជា នៅ​ពេល​នេះ​ថា វា​ហាក់​ដូច​ជា​ហួស​ពេល​ទៅ​ហើយ។
ទោះ​យ៉ាង​នេះ​ក្តី លោក ចាន់ យុត្ថា បាន​បង្ហាញ​ថា នៅ​រដូវ​បើក​នេសាទ​នៅ​ដើម​ខែ​តុលា ខាង​មុខ ផល​ត្រី​នឹង​កើន​ឡើង​ជាង​ពេល​មុនៗ ក្រោយ​ពី​បិទ​ឡូត៍​នេសាទ​ជា​លក្ខណៈ​សិប្បកម្ម និង​ឧស្សាហកម្ម​ទាំង ៣៥ នេះ។
សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា បើ​ទោះ​​បី​ស្ថិត​ក្នុង​រដូវ​ហាម​នេសាទ ហើយ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ដក​ហូត​ឡូត៍​នេសាទ​នៅ​ក្នុង​បឹង​ទន្លេ​សាប​ទាំង​អស់​ពី​ ក្រុមហ៊ុន​មក​ជា​របស់​រដ្ឋ​វិញ​ក៏ដោយ​ ក៏​នៅ​តែ​មាន​ការ​លប​លួច​ប្រើ​ឧបករណ៍​នេសាទ​ត្រី​ខុស​ច្បាប់​នៅ​តាម​តំបន់​ មួយ​ចំនួន​នោះ​នៅ​ឡើយ។
អ្នក​ភូមិ​មួយ​ចំនួន​រស់​នៅ​ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទ​បាគង បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ការ​វិនាស​ហិនហោច​នៃ​ពូជ​ត្រី​ធម្មជាតិ​នៅ​ក្នុង​បឹង​ទន្លេ​សាប នៅ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ ដោយសារ​តែ​ក្រុម​ជន​ខិល​ខូច​មួយ​ចំនួន​នៅ​តែ​ឆ្លៀត​ឱកាស​ប្រើ​ឧបករណ៍​ ល្មើសច្បាប់​ដើម្បី​ចាប់​យក​ត្រី​ទាំង​ធំ និង​តូច​ៗ​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ។
អ្នក​ភូមិ​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ទឹក​ជំនន់​ទន្លេ​សាប​បាន​ឡើង​លិច​វាល​ស្រែ​​​ជិត​តំបន់​ដែល​ ពួក​គាត់​រស់​នៅ​មក ជន​ខិលខូច​មួយ​ចំនួន​​បាន​លបលួច​ប្រើ​ស្បៃ​មុង​ធំ​ៗ​ដើម្បី​ចាប់​យក​កូន​ ត្រី​តូចៗ​ទៅ​លក់​ដូរ ដោយ​មិន​មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​ណា​មួយ​ទេ។
ប៉ុន្តែ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​សៀមរាប បាន​អះអាង​ថា មន្ត្រី​ជលផល​​បាន​បង្ក្រាប​ការ​នេសាទ​ខុស​ច្បាប់​នេះ​ជា​ញឹកញាប់ និង​បាន​លែង​កូន​ត្រី​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ជា​បន្ត​បន្ទាប់ ព្រម​ទាំង​បាន​បំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ប្រភេទ​អ៊ុយ ​នៅ​តំបន់​ចុងឃ្នៀស ក្រុង​សៀមរាប ជា​ច្រើន កាល​ពី​ពេល​ថ្មីៗ​នេះ៕

0 comments:

Blog Archive