តើលោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការឬជាមេដឹកនាំបែបសម្របសម្រួល?
ដោយ តាំង សារ៉ាដា
2011-08-27
ក្រុមអ្នកឃ្លាំមើលអំពីការដឹកនាំនៅកម្ពុជា បានវាយតម្លៃដល់បុគ្គលិកលក្ខណៈរបស់មេដឹកនាំរដ្ឋាភិបាលថា ជាមេដឹកនាំផ្ដាច់ការ និងការដឹកនាំដោយយកមាត់ជាច្បាប់។ក្រុមអ្នកវិភាគអំពីគោលនយោបាយដឹកនាំក្នុងប្រទេសកម្ពុជា បានចូលរួមបកស្រាយអំពីបុគ្គលិកលក្ខណៈរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាមេដឹកនាំដែលយកមាត់ជាច្បាប់ មានចរិតឆាប់ខឹងច្រឡោត និងអត្តនោម័តិ។
សាស្ត្រាចារ្យនៃសកលវិទ្យាល័យ ហ្គាំ (Guam) ក្នុងសហរដ្ឋអាមេរិក លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត (Gaffar Peang Meth) មានប្រសាសន៍តាមសារអេឡិចត្រូនិក (Email) ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការ ពីព្រោះរាល់អំណាចទាំងអស់ រាប់ទាំងអំណាចតុលាការ អំណាចរដ្ឋបាល និងអំណាចនីតិប្បញ្ញត្តិ ស្ថិតក្នុងកណ្ដាប់ដៃរបស់លោកតែម្នាក់ប៉ុណ្ណោះ។
ចំណែកលោក ចិត្ត ជលសារ ដែលជាអ្នកវិភាគទស្សនៈវិទ្យាសាស្ត្រនយោបាយក្នុងបរិបទប្រទេសកម្ពុជាដែរនោះ មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមនុស្សឆេវឆាវ ឆាប់ច្រឡោត ចូលចិត្តឲ្យមនុស្សម្នាលើកតម្កើង កោតសរសើរ ជាមេដឹកនាំដែលយកមាត់ជាច្បាប់ និងជាបទបញ្ជាជាដើម។
លោកមានប្រសាសន៍ទៀតថា ៖ «លោក ហ៊ុន សែន គឺជាសុភាពបុរសផ្ដាច់ការ យកមាត់ធ្វើជាច្បាប់។ វាមិនបញ្ជាក់ថា ភាពផ្ដាច់ការតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ តែខ្លឹមសារនៃពាក្យសម្ដីរបស់គាត់ គឺជាច្បាប់។ ធម្មតាការនិយាយគ្រាន់តែជាសិល្បៈក្នុងការនិយាយដែលមេដឹកនាំពិភពលោកមានភាពដោយឡែកផ្សេងៗពីគ្នា។ សំខាន់បំផុត តើពាក្យសម្ដីហ្នឹងចេញជាបទបញ្ជាវាធំជាងប្រព័ន្ធតុលាការដែរ ឬអត់? អ៊ីចឹងគាត់ប្រើប្រាស់ពាក្យសម្ដីរបស់គាត់ទាំងអសីលធម៌ដើម្បីធ្វើជាច្បាប់ក្នុងចំណុចណាមួយ»។
លោកថ្លែងបន្តថា ការដឹកនាំនៅកម្ពុជា ជាការដឹកនាំដោយបុគ្គលមួយរូបប៉ុណ្ណោះ ដោយសាររាល់ករណីទាំងអស់ត្រូវចេញមុខដោះស្រាយដោយនាយករដ្ឋមន្ត្រី រាប់ទាំងពីករណីតូចតាចឡើងទៅ ៖ «គាត់គ្រប់គ្រងកិច្ចការតាំងពីតូចរហូតដល់ធំ សូម្បីគ្រាន់តែអ្នកជីកក្ដាមហ្នឹងកាប់គ្នាក៏ត្រូវតែយករូបលោក ហ៊ុន សែន ទៅការពារដែរ។ ដូច្នេះយើងមើលឃើញពីភាពកម្សោយនៃច្បាប់ និងប្រព័ន្ធតុលាការរបស់កម្ពុជា ដោយសារតែអំណាចត្រូវរត់ទៅរកមនុស្សតែម្នាក់ប៉ុណ្ណោះ គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ចំណុចហ្នឹងដូចពេលដែលគាត់ប្រកាសទៅលើឡូត៍នេសាទ បើយើងមើលទៅដូចជាសុភាពបុរស ជាមនុស្សដែលមានគុណធម៌ ក៏ប៉ុន្តែការពិតវាជាដំណោះស្រាយមួយដែលរំលងទៅលើប្រព័ន្ធអ្វីៗទាំងអស់។ បើយើងនិយាយអំពីប្រទេសដែលមាននីតិរដ្ឋ គឺគេត្រូវដោះស្រាយទៅតាមឋានានុក្រម មិនមែនអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីគ្រប់យ៉ាង សូម្បីតែរឿងកុងត្រូលជជុះ រឿងដាច់ស្ពានប្រាំម៉ែត្រ ក៏ត្រូវការអន្តរាគមន៍ដែរ»។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបដិសេធថា លោកមិនមែនជាជនផ្ដាច់ការដូចការចោទប្រកាន់របស់ក្រុមបក្សប្រឆាំង ឬការចោទប្រកាន់នានារបស់សហគមន៍អន្តរជាតិមួយចំនួននោះឡើយ។ ប៉ុន្តែលោកបានទទួលស្គាល់ថា លោកសុខចិត្តប្រើប្រាស់ប្រព័ន្ធតុលាការជាជាងការប្រើកម្លាំងប្រដាប់អាវុធ។
លោក ហ៊ុន សែន ថ្លែងដូច្នេះ ៖ «ខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំករុណាខ្ញុំជានាយករដ្ឋមន្ត្រី បើមិនឲ្យប្រើប្រព័ន្ធតុលាការ មានតែប្រើកាំភ្លើងអី? និយាយគ្នាឲ្យច្បាស់។ ខ្ញុំបញ្ជាត្រឹមតែ ២ម៉ោងទេ ភ្នំពេញ គឺយកអស់ សាកលមើល ក្នុងម៉ោងហ្នឹង តែពីរម៉ោងទេ ប្រសិនបើខ្ញុំប្រើអំណាចផ្តាច់ការ អត់ត្រូវការយូររត់ទៅណាក៏វាមិនរួចដែរ ឃ្លុំបេយកទាំងអស់។ រួចតាំងថា គេផ្ដាច់ការ វាទៅជាផ្ដេសផ្ដាស។ ថាគេផ្ដាច់ការ អារឿងពួកអ្នកថ្លែងការណ៍ថ្លែងអីហ្នឹង ចង់បរទេសក៏ដោយ ចង់ខ្មែរក៏ដោយ អ្នកឯងភ្លើ អ្នកឯងល្ងង់ អ្នកឯងមិនចេះច្បាប់ អ្នកឯងទទួលស្គាល់តែសិទ្ធិពួកអ្នកប្រឆាំង អ្នកឯងមិនទទួលស្គាល់អំពីសិទ្ធិច្បាប់របស់ក្រុមអ្នកកាន់អំណាចទេ»។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិធ្លាប់រាយការណ៍ថា កម្ពុជាកំពុងមានការដឹកនាំតាមរយៈការបំភិតបំភ័យ ការរឹតត្បិត ហើយថា កម្ពុជាជាប្រទេសដែលមានច្បាប់ តែមិនគោរព។
អង្គការឃ្លាំមើលសិទ្ធិសេរីភាពក្នុងពិភពលោក (Freedom House) កាលពីដើមឆ្នាំ២០១១ បានវាយតម្លៃថា កម្ពុជាជាប្រទេសគ្មានសេរីភាព ខណៈប្រព័ន្ធផ្សព្វផ្សាយជាង ៩០% គ្រប់គ្រងដោយគណបក្សកាន់អំណាច។
ទាក់ទិននឹងបញ្ហានេះផងដែរ លោក ប៊្រែត អាដាម (Brad Adams) នាយកប្រតិបត្តិសម្រាប់កិច្ចការតំបន់អាស៊ី ប្រចាំអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមនុស្សដែលត្រូវក្ដោបក្ដាប់អំណាចទាំងស្រុង។
លោក ប៊្រែត អាដាម មានប្រសាសន៍ដូច្នេះ ៖ «អត្តចរិតរបស់លោក ហ៊ុន សែន គឺគាត់ជាមនុស្សដែលចង់គ្រប់គ្រងអ្វីៗទាំងស្រុង។ នៅពេលដែលលោក ហ៊ុន សែន ចង់បានអ្វីមួយ គាត់ត្រូវយកឲ្យបានដូចចិត្ត តាមរយៈការបញ្ជារបស់គាត់ទៅលើកម្លាំងប៉ូលិស កងទ័ព តុលាការ និងរដ្ឋសភាជាដើម។ ខ្ញុំសូមឲ្យឧទាហរណ៍មួយទៅចុះ នៅពេលគាត់ចង់ដកអភ័យឯកសិទ្ធិតំណាងរាស្ត្រណាម្នាក់ដើម្បីចាប់ខ្លួន ឬផ្ដន្ទាទោសនោះ លោក ហ៊ុន សែន តែងបង្ខំតំណាងរាស្ត្រផ្សេងទៀតឲ្យបោះឆ្នោត ហើយជួនកាលគាត់បញ្ជាកម្លាំងយោធាឲ្យហ៊ុមព័ទ្ធរដ្ឋសភាដើម្បីបង្ខំឲ្យសភាបោះឆ្នោតដកអភ័យឯកសិទ្ធិ»។
កាលពីឆ្នាំ២០១០ កន្លងទៅ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) របស់អាមេរិក ប្រចាំនៅកម្ពុជា បានធ្វើការស្ទង់មតិតាមរយៈការសម្ភាសមនុស្សប្រមាណ ២.០០០នាក់ បានរកឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រជាប្រិយភាពដល់ទៅ ៧៦% ដែលគេទទួលស្គាល់ថា ជាមេដឹកនាំដ៏ល្អ។
ក្រុមមន្ត្រីរដ្ឋាភិបាលខ្លះបានសាទរចំពោះការស្ទង់មតិនេះ ហើយថា ប្រជាប្រិយភាពរបស់លោក ហ៊ុន សែន មានលើសលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ទៅទៀត។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ក្រុមអ្នករិះគន់ដល់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែជាក្រុមដែលមាននិន្នាការផ្ដួលរំលំរដ្ឋាភិបាល ហើយជាក្រុមមនុស្សមានចិត្តជាបិសាចប៉ុណ្ណោះ។
លោកបន្តថា ៖ «អ្នកដែលថា សម្ដេច ហ៊ុន សែន ផ្ដាច់ការមិនផ្ដាច់ការមិនមែនពួកអស់ហ្នឹងទេ។ ពួកក្រុមអស់ហ្នឹងគ្រាន់តែជាអ្នកមានគំនិតបិសាចប៉ុណ្ណោះ ដែលចង់ឲ្យប្រជាពលរដ្ឋខ្មែរមានទុក្ខវេទនាតាមរយៈការឆោឡោ ការបះបោរ ពីព្រោះប្រជាពលរដ្ឋខ្មែរទទួលបានផលប្រយោជន៍ពីសម្ដេច ហ៊ុន សែន ហ្នឹង គឺសន្តិភាព។ អ្នកដែលនិយាយហ្នឹង គឺមិនមែនជាអ្នកទទួលខុសត្រូវទេ គ្រាន់តែជាការវាយប្រហារ។ អំណាចផ្ដាច់ការដែលពួកហ្នឹងនិយាយ គឺដើម្បីផលប្រយោជន៍ពួកហ្នឹងទាំងអស់ មិនមែនដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ»។
អគ្គលេខាធិការនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសន័រវ៉េ (Norway) លោក អៀរ ចាន់ណា បានឲ្យនិយមន័យលើមនុស្សដែលមានចរិតលក្ខណៈជាមនុស្សផ្ដាច់ការថា ជាមនុស្សដែលមានចរិតបុគ្គលនិយម ជាមនុស្សដែលយល់ថា ខ្លួនជាអ្នកធ្វើអ្វីៗត្រូវទាំងអស់ ជាមនុស្សដែលខ្លាចការរិះគន់ ជាមនុស្សដែលចូលចិត្តប្រើអាកប្បកិរិយាគំរាមកំហែង បំភិតបំភ័យ និងមនុស្សដែលចូលចិត្តឲ្យមានការសរសើរ។
លោកបន្ថែមថា ៖ «ជនផ្ដាច់ការគឺជាអ្នកដែលអនុវត្តនូវអំណាចដាច់ខាតមួយ ជាពិសេសគឺជាអ្នកគ្រប់គ្រងដែលមានការត្រួតពិនិត្យ និងគ្រប់គ្រងដាច់ខាតក្នុងជួររដ្ឋាភិបាលដោយគ្មានការផ្ដល់នូវបុព្វសិទ្ធិទៅឲ្យអ្នកផ្សេងក្នុងការចូលរួម ក្នុងការសម្រេច ចូលរួមផ្ដល់ជាយោបល់អ្វីទាំងអស់ ហើយនេះជាចរិតលក្ខណៈរបស់ជនផ្ដាច់ការ»។
ពីប្រទេសស៊ុយអែត លោក ប៉ាង សុឃឿន ដែលជាអ្នកវិភាគអំពីស្ថានការណ៍នយោបាយនៅកម្ពុជា មានប្រសាសន៍ថា ចក្ខុវិស័យ និងទស្សនវិស័យរបស់លោក ហ៊ុន សែន សម្រាប់តែខ្លួនរបស់លោកប៉ុណ្ណោះ ដែលអាចដឹកនាំកម្ពុជាបាន ៖ «នៅក្នុងទស្សនៈនយោបាយរបស់គាត់ លោក ហ៊ុន សែន ក្តី ឬនៅក្នុងក្រុមគ្រួសារ និងញាតិមិត្តរបស់គាត់ក្ដី តែងតែនិយាយថា គឺមានតែ ហ៊ុន សែន ទេដែលជាមនុស្សដែលអាចដឹកនាំប្រទេសកម្ពុជាបាន បើគ្មានលោក ហ៊ុន សែន ក៏គ្មានអ្នកណាអាចដឹកនាំកម្ពុជាទេ។ អ៊ីចឹងនៅក្នុងក្រុមនេះ គាត់បានបង្កើតទ្រឹស្ដីមួយ គឺអញនិយម»។
ចំណែកលោកបណ្ឌិត សុខ ទូច ដែលជាសាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយមានប្រសាសន៍ថា លោកមើលឃើញការដឹកនាំរបស់លោក ហ៊ុន សែន ជាការដឹកនាំបែបសម្របសម្រួលជាជាងការដឹកនាំបែបផ្ដាច់ការនិយម ប៉ុន្តែលោកទទួលស្គាល់ថា លោក ហ៊ុន សែន ដឹកនាំបែបអត្តនោម័តិ។
លោក សុខ ទូច បន្តថា ៖ «គាត់អត់ផ្ដាច់ការទេ បើគាត់ផ្ដាច់ការ សង្គមយើងអត់មានអ៊ីចឹងទេ បានន័យថា គាត់ប្រើប្រាស់ប្រសាសន៍ច្រើនជាង។ គាត់អត់ផ្ដាច់ការទេ គាត់ហាមកុំឲ្យកាប់ឈើ តែឈើនៅតែកាប់។ ហាមកុំឲ្យដាក់កុងត្រូលជជុះ នៅតែដាក់កុងត្រូលជជុះ។ អ៊ីចឹងមានផ្ដាច់ការអី?»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កើតក្នុងឆ្នាំ១៩៥២។ នៅឆ្នាំ១៩៧០ លោកបានចូលរួមជាមួយកងទ័ពខ្មែរក្រហម បន្ទាប់មកបានភៀសខ្លួនទៅប្រទេសវៀតណាម ក្នុងឆ្នាំ១៩៧៧។ ក្រោយពីបានដឹកនាំកងទ័ពវៀតណាម ចូលឈ្លានពានក្នុងប្រទេសកម្ពុជា ដើម្បីបណ្ដេញក្រុមខ្មែរក្រហមឲ្យចូលទៅក្នុងព្រៃហើយបង្កើតរដ្ឋាភិបាលកុម្មុយនិស្តហើយនោះ លោក ហ៊ុន សែន បានឡើងកាន់អំណាចនៅឆ្នាំ១៩៨៥ តាមរយៈការជួយជ្រោមជ្រែងរបស់វៀតណាម៕
0 comments:
Post a Comment