Tuesday, August 30, 2011

ប្រទេស​កម្ពុជា​នឹង​​មាន​ធាតុអាកាស​មិន​ល្អ​រហូត​ដល់​ថ្ងៃ​ទី​៣១​សីហា

2011-08-28
ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​កែប លោក ហៀង ម៉េង ថ្លែង​ថា ធាតុអាកាស​នៅ​ខេត្ត​កែប កំពុង​អ័ព្ភ​អួ​ដោយ​សា​ភ្លៀង​ធ្លាក់​ជាប់​រហូត គ្មាន​ថ្ងៃ​រះ ចាប់​តាំង​ពី​ម៉ោង ៨ យប់ ថ្ងៃ​ទី ២៧ រហូត​​មក​ដល់​យប់​ថ្ងៃ​ទី ២៨ ខែ​សីហា ឆ្នាំ ២០១១។

RFA/Khe Sonorng
១៤-កក្កដា-២០១១៖ ស្ពាន​ឆ្លង​ទៅ​កោះ​ពស់ នៅ​ខេត្ត​ព្រះសីហនុ ថត​ពេល​ជិត​ភ្លៀង។

លោក ហៀង ម៉េង បន្ត​ថា នៅ​ផ្ទៃ​សមុទ្រ​មាន​ខ្យល់​បក់​បោក​ខ្លាំង ហើយ​មិន​មាន​ទូក​ណា​មួយ​ចេញ​ទៅ​លំហ​សមុទ្រ​ទេ ចាប់​តាំង​ពី​ថ្ងៃ​ទី ២៦ មក។
សំឡេង៖ «ពួក​ដឹក​ភ្ញៀវ​ទៅ​កោះ​ទន្សាយ​អី​ហ្នឹង អត់​ឱ្យ​ដឹក​ទេ ហើយ​អ្នក​នេសាទ​ហ្នឹង យើង​បាន​ប្រាប់​ភូមិ ឃុំ ក្រុង​ស្រុក ឱ្យ​ផ្សព្វផ្សាយ​បន្ត។ ផែ​ដែល​គេ​ចុះ​ទូក​អី​ហ្នឹង ខាង​មន្ទីរ​បាន​យក​លិខិត​ជូន​ដំណឹង​តាំង​ពី​ថ្ងៃ ២៦ ឯ​ណោះ»។
នៅ​ថ្ងៃ​ទី ២៨ ខែ​សីហា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដី​ប្រកាស​ជូន​ដំណឹង​ជា​ថ្មី​ថា ប្រ​ទេស​កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​អាកាសធាតុ​ប្រព័ន្ធ​សម្ពាធ​ទាប។
ក្នុង​លក្ខណៈ​ប្រព័ន្ធ​សម្ពាធ​ទាប​បែប​នេះ នៅ​តំបន់​មាត់​សមុទ្រ មាន​សីតុណ្ហភាព​ពី ២០ ទៅ ៣០ អង្សា​សេ។ ផ្ទៃ​មេឃ​មាន​ពពក​ច្រើន។ ខ្យល់​បក់​ពី​ទិស​និរតី​ក្នុង​ល្បឿន​ពី ២ ទៅ ៤ ម៉ែត្រ​ក្នុង​មួយ​វិនាទី និង​អាច​មាន​ភ្លៀង ផ្គរ រន្ទះ​ច្រើន​នៅ​គ្រប់​ទី​កន្លែង ហើយ​រលក​សមុទ្រ​មាន​កម្ពស់​ពី ១ ម៉ែត្រ​ទៅ ១ ម៉ែត្រ​កន្លះ។
ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​មួយ​រូប លោក ចាន់ មុនី បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី ២៨ ខែ​សីហា ភ្លៀង​ធ្លាក់​ជាប់​ពេញ​មួយ​ថ្ងៃ​ដូច​ខេត្ត​កែប​ដែរ។ ក៏​ប៉ុន្តែ មិន​មាន​ខ្យល់​បក់​បោក​ខ្លាំង​ទេ។
សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី ២៨ ដដែល បាន​ព្យាករ​ថា អាកាសធាតុ​ប្រព័ន្ធ​សម្ពាធ​ទាប​បែប​នេះ នឹង​អូស​បន្លាយ​ចាប់​ពី​ថ្ងៃ​ទី ២៨ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​សីហា ឆ្នាំ ២០១១។
នៅ​វាល​ទំនាប​នៃ​ប្រទេស​កម្ពុជា នឹង​មាន​ខ្យល់​បក់​ពី​ទិស​និរតី​ក្នុង​ល្បឿន​ពី ២ ទៅ ៤ ម៉ែត្រ​ក្នុង​មួយ​វិនាទី និង​អាច​មាន​ភ្លៀង ផ្គរ រន្ទះ ពី​មធ្យម​ទៅ​ច្រើន​នៅ​គ្រប់​ទី​កន្លែង។
នៅ​តំបន់​ខ្ពង់រាប​វិញ ជា​ពិសេស​នៅ​ខេត្ត​កំពង់ចាម ក្រចេះ  និង​ស្ទឹង​ត្រែង ​នឹង​មាន​ភ្លៀង ផ្គរ រន្ទះ​ពី​តិច​ទៅ​មធ្យម។
លោក ហៀង ម៉េង បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ខេត្ត​កែប​នៅ​មិន​ទាន់​របាយ​ការ​ណា​មួយ និយាយ​អំពី​ការ​គ្រោះថ្នាក់​ដោយ​សា​អាកាសធាតុ​អ័ព្ភ​អួ​នេះ​ទេ៖ «អ៊ីចឹង​វា​អត់​ប៉ះពាល់​ទេ គ្រាន់​តែ​ភ្លៀង​អត់​បើក​ថ្ងៃ​សោះ ងងឹត​ស្លុប​រហូត»។
កាល​ពី​ថ្ងៃ​ទី ២៦ សីហា រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គាន​ហោ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង និង​អំពាវនាវ​ពលរដ្ឋ ដែល​នៅ​តាម​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ ខេត្ត​កណ្ដាល ក្រុង​ព្រះសីហនុ​ ជា​ពិសេស ប្រជា​ពលរដ្ឋ​ជា​អ្នក​នេសាទ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ដែល​មាន​ជា​យថាហេតុ៕

0 comments:

Blog Archive