សាលាក្ដីខ្មែរក្រហម ធ្វើសវនាការពិនិត្យស្មារតីជនជាប់ចោទពីររូប
ដោយ ឡេង ម៉ាលី
2011-08-29
សាលាក្ដីខ្មែរក្រហម បានបើកសវនាការមួយ នៅថ្ងៃទី ២៩ ខែសីហា ដើម្បីពិនិត្យកាយសម្បទា និងស្មារតីរបស់ជនជាប់ចោទពីររូបនៅក្នុងសំណុំរឿងលេខ ០០២ គឺលោក នួន ជា និងលោកស្រី អៀង ធីរិទ្ធ។ សវនាការនេះ គេអាចចាត់ទុកបានថា ជាការត្រួសត្រាយផ្លូវមួយ មុននឹងឈានទៅជំនុំជម្រះលើអង្គសេចក្ដីទាំងមូល។នៅថ្ងៃទី ២៩ ខែសីហា អង្គជំនុំជម្រះបានពិភាក្សា និងជជែកដេញដោលទៅលើអ្នកជំនាញផ្នែកវេជ្ជសាស្ត្រមួយរូប គឺលោក John Cambell ជាអ្នកជំនាញផ្នែកថែទាំសុខភាពមនុស្ស ដែលត្រូវសាលាក្ដីខ្មែរក្រហម អញ្ជើញឱ្យលោកមកជួយបំភ្លឺនៅក្នុងសវនាការ ទាក់ទងទៅនឹងសុខភាពរបស់ជនជាប់ចោទពីររូប គឺលោក នួន ជា និងលោក អៀង ធីរិទ្ធ ដែលបច្ចុប្បន្នមានវ័យ ៧៩ ឆ្នាំហើយ។
តាមការសវនាការដែលធ្វើឡើងកាលពីវេលាព្រឹក យើងឃើញថា ជនជាប់ចោទបានចូលរួមនៅក្នុងសវនាការនេះ ទាំងលោកស្រី អៀង ធីរិទ្ធ និងលោក នួន ជា។ ក៏ប៉ុន្តែ នៅវគ្គបន្ទាប់ជនជាប់ចោទទាំងពីរបានសុំដកខ្លួនទៅបន្ទប់រង់វិញ ដោយសារពួកគាត់លើកឡើងអំពីធ្វើឱ្យពួកគាត់មិនអាចទ្រាំស្ដាប់ និងចូលរួមក្នុងសវនាការនេះបាន។
លោកស្រី អៀង ធីរិទ្ធ បានលើកឡើងបញ្ហាឈឺចាប់ឆ្អឹងរបស់គាត់ និងឈឺក្បាល ដែលគាត់ត្រូវសុំអនុញ្ញាតពី អង្គជំនុំជម្រះ ដើម្បីវិលត្រឡប់បន្ទប់ឃុំឃាំងរបស់គាត់វិញ។
លោក នួន ជា បានលើកឡើងអំពីបញ្ហាសុខភាពរបស់គាត់ ដែលមានភាពជរាទ្រុឌទ្រោមច្រើន ហើយបញ្ហាសំខាន់នោះ គឺគាត់បានលើកឡើងថា គាត់មិនអាចផ្ចង់អារម្មណ៍ស្ដាប់សវនាការបានយូរទេ។ គាត់បានលើកហេតុថា គាត់អាចអង្គុយអាន ស្ដាប់ បានតែរយៈពេលដំបូងមួយម៉ោង ទៅមួយម៉ោងកន្លះទេ។ បន្ទាប់ពីនេះ វាធ្វើឱ្យប៉ះពាល់ភ្នែករបស់គាត់ ធ្វើឱ្យស្រវាំង ហើយវាជះឥទ្ធិពលដល់ខួរក្បាលរបស់គាត់ ធ្វើឱ្យបេះដូងរបស់គាត់ដើរញាប់ខ្លាំង ដែលពេលនោះធ្វើសម្ពាធឈាមគាត់ឡើងខ្ពស់ ហើយបន្ទាប់មកចង្កេះរបស់គាត់ចាប់ផ្ដើមឈឺចុកចាប់ ធ្វើឱ្យលំបាកអង្គុយ រហូតអង្គុយលែងបាន។ គាត់ថា បើទោះជាបង្ខំឱ្យអង្គុយ ឬដេកស្ដាប់បន្តទៅទៀត ក៏មិនអាចយល់បានដែរ។
បានន័យថា បន្ទាប់ពីមានបញ្ហានេះ គឺគាត់មិនអាចផ្ចង់អារម្មណ៍ និងស្ដាប់បានទៀតទេ។ ត្រង់នេះហើយបានជាគាត់សុំអនុញ្ញាតឱ្យអង្គជំនុំជម្រះអនុញ្ញាតឱ្យទៅបន្ទប់រង់ចាំ ដែលមានប្រព័ន្ធរូប និងសំឡេងបញ្ជូនមកសវនាការ ដែលអាចទាក់ទងគ្នាបានវិញ។
មុននឹងបញ្ចប់ការថ្លែងរបស់គាត់ លោក នួន ជា ស្នើសុំឱ្យតុលាការចាត់អ្នកជំនាញម្នាក់ទៀត ឬរួមជាមួយវេជ្ជបណ្ឌិត Cambell ដដែល ដើម្បីពិនិត្យបញ្ហាផ្ចង់អារម្មណ៍របស់គាត់។
នេះគឺទាក់ទងនឹងករណីរបស់លោក នួន ជា។
ចំពោះករណីរបស់លោកស្រី អៀង ធីរិទ្ធ វិញ គាត់មានបញ្ហាឈឺក្បាល និងឈឺជើង ដែលធ្វើឱ្យគាត់មិនអាចចូលរួមសវនាការបានតទៅទៀត ហើយសុំអនុញ្ញាតពីអង្គជំនុំជម្រះឱ្យគាត់បានទៅបន្ទប់ឃុំឃាំងវិញ។
ការសុំរបស់លោកស្រី អៀង ធីរិទ្ធ បានធ្វើឡើងមួយលើកជាពីរលើក។ ក៏ប៉ុន្តែ អង្គជំនុំជម្រះសម្រេចបដិសេធសំណើរបស់មេធាវីរបស់លោកស្រី អៀង ធីរិទ្ធ ហើយបង្គាប់ឱ្យលោកស្រី អៀង ធីរិទ្ធ ទៅចូលរួមបន្ទប់ខាងក្រោមសាលសវនាការ ដែលមានប្រព័ន្ធសំឡេង និងរូបបញ្ជូនទៅមក ដូចករណីរបស់លោក នួន ជា ដែរ។
នៅក្នុងការជជែកដេញដោលអំពីសុខភាពរបស់លោកស្រី អៀង ធីរិទ្ធ លោក John Cambell បានបញ្ជាក់ថា គាត់មានបញ្ហាចុះខ្សោយផ្នែកបញ្ញាស្មារតី គឺដោយសារគាត់មានការភ្លេចភ្លាំងទៅតាមវ័យរបស់គាត់ផង។ គាត់សព្វថ្ងៃនេះ គឺគាត់មានជំងឺប្រចាំកាយរបស់ជាយូរមកហើយបញ្ហាផ្លូវចិត្តរបស់គាត់ ហើយគាត់កំពុងតែទទួលទានថ្នាំ ដើម្បីថែទាំសុខភាពរបស់គាត់។ ថ្នាំខ្លះក៏ប៉ះពាល់សុខភាពរបស់គាត់ដែរ។ ក៏ប៉ុន្តែ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា មិនមានអ្វីក្រៅពីបន្តឱ្យគាត់លេបថ្នាំទេ លើកលែងតែការកាត់បន្ថយបន្តិចម្ដងៗ។
នៅពេលមុនបញ្ចប់សវនាការនេះ មេធាវីរបស់លោកស្រី អៀង ធីរិទ្ធ ក៏បានស្នសុំម្ដងទៀតទៅអង្គជំនុំជម្រះ សម្រាប់ថ្ងៃស្អែក ដើម្បីឱ្យកូនក្ដីរបស់គាត់ គឺលោកស្រី អៀង ធីរិទ្ធ បាននៅបន្ទប់មន្ទីរឃុំឃាំង ដោយមិនបាច់ចូលរួមផ្ទាល់នៅក្នុងសាលសវនាការ។
ដូចកាលមុនៗ ដែរ ត្រូវអង្គជំនុំជម្រះសម្រេចបដិសេធ ហើយបង្គាប់អនុរក្សពន្ធនាគារនាំខ្លួនជនជាប់ចោទ អៀង ធីរិទ្ធ និងលោក នួន ជា មកចូលរួមសវនាការជាបន្តទៀត នៅវេលាថ្ងៃស្អែក ហើយបើមានស្ថានភាពយ៉ាងណានោះ អង្គសវនាការនឹងវាយតម្លៃតាមសភាពការណ៍ជាក់ស្ដែង៕
0 comments:
Post a Comment